# អាជ្ញាធរកំពត ណែនាំអ្នកលក់ទុរេនឱ្យបិទតម្លៃ និងបញ្ជាក់ប្រភព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6447>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13849","languageVersionId":"7947","visibilityVersion":"2","versionToken":"a1.ASfMwbHZy8BpHJ9HU9YSTF_aG0jPlRllB8TQuBqLCbI"}

Original publication: 2026-05-08T03:00:43Z

តាមសេចក្ដីរាយការណ៍ មន្ត្រីបានចុះពិនិត្យតូបផ្លែឈើជុំវិញផ្សារសាមគ្គី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីណែនាំពីស្លាកតម្លៃ និងប្រភពទុរេន។ ទិន្នផលឆ្នាំ២០២៦ នៅជាការរំពឹងទុករបស់មន្ត្រីកសិកម្ម។

ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពត សហការជាមួយមន្ទីរទេសចរណ៍ សាខា ក.ប.ប. ខេត្ត និងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យតូបលក់ផ្លែឈើ ជាពិសេសតូបលក់ទុរេន នៅជុំវិញផ្សារសាមគ្គីក្រុងកំពត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។
លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានឱ្យដឹងថា ការចុះពិនិត្យនេះ មានគោលបំណងជំរុញឱ្យអាជីវករលក់ទុរេនប្រកបដោយភាពស្មោះត្រង់ បញ្ជាក់ប្រភពទុរេនឱ្យបានច្បាស់លាស់ និងបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា អាជីវករអាចនាំទុរេនពីបណ្តាខេត្តផ្សេងៗមកលក់បាន ប៉ុន្តែត្រូវបង្ហាញប្រភពឱ្យច្បាស់ ដើម្បីជៀសវាងការក្លែងបន្លំ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទុរេនកំពត។
មន្ត្រីជំនាញក៏បានអំពាវនាវដល់អាជីវករទាំងអស់ ឱ្យសហការអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីទប់ស្កាត់ការលក់ទុរេនក្លែងបន្លំ និងធានាថា ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចទិញបានទុរេនកំពតពិតប្រាកដ។
ជុំវិញការណែនាំនេះ អាជីវករនៅជុំវិញផ្សារកំពត បានបង្ហាញការគាំទ្រ និងសន្យាអនុវត្តតាម ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងកេរ្តិ៍ឈ្មោះទុរេនកំពត ព្រមទាំងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ។
ដោយឡែក ម្ចាស់ចម្ការទុរេននៅស្រុកទឹកឈូ បានបញ្ជាក់ថា ពួកគេលក់តែទុរេនពីចម្ការរបស់ខ្លួន និងចម្ការនៅតំបន់ជិតខាងប៉ុណ្ណោះ ហើយបានអំពាវនាវដល់អ្នកលក់ទាំងអស់ ឱ្យមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការលក់ដូរ ដើម្បីរក្សាតម្លៃ និងកេរ្តិ៍ឈ្មោះទុរេនកំពតឱ្យកាន់តែល្បីល្បាញ។
សូមបញ្ជាក់ថា ខេត្តកំពតមានផ្ទៃដីដាំទុរេនសរុបជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតា អាចប្រមូលផលបានជាមធ្យម ១៤តោន។ គិតមកដល់ពេលនេះ ការប្រមូលផលទុរេនសម្រេចបានប្រមាណ ៣៥% ហើយរំពឹងថា ទិន្នផលសរុបក្នុងឆ្នាំ២០២៦ អាចទទួលបានជាង ២ម៉ឺន៤ពាន់តោន នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តកំពត៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


