{"asset":"news","key":"6462","locale":"km","id":"news:6462:km","entityId":"news:6462","canonicalUrl":"https://www.kps-tv.com/km/news/detail/6462","state":"ready","title":"CDC ពិភាក្សាជាមួយវិនិយោគិនចិនពីបំណងវិនិយោគ Smart Traffic និងភ្លើងបំភ្លឺមហាវិថីស៊ី ជីនពីង","summary":"តាមសេចក្ដីប្រកាសថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វិនិយោគិនចិនមានបំណងវិនិយោគលើ Smart Traffic និងភ្លើងបំភ្លឺមហាវិថីស៊ី ជីនពីង។ គណៈកម្មាធិការវិនិយោគកម្ពុជាបានស្នើឱ្យបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលទ្ធភាពអនុវត្ត។","body":"ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគិនចិន ដឹកនាំដោយលោកស្រី លី ហួយ ឈាន (Li Hui Qian) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ។\nតាមការលើកឡើងរបស់ប្រតិភូវិនិយោគិនចិន គម្រោងដែលមានបំណងវិនិយោគនេះ ក៏រួមមានការបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិថីស៊ី ជីនពីង ក្រោមរូបភាព BOT (Build-Operate-Transfer) ផងដែរ។\nក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើ ដោយចាត់ទុកថា ជាគម្រោងមានសារៈសំខាន់ក្នុងការចូលរួមកែលម្អប្រព័ន្ធចរាចរណ៍នៅរាជធានីភ្នំពេញ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយពេលវេលាធ្វើដំណើរ ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញផ្សែងពុលបង្កផលប៉ះពាល់ដល់បរិស្ថាន។\nឯកឧត្តមអគ្គលេខាធិការបានណែនាំឱ្យក្រុមវិនិយោគិនបន្តធ្វើការពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សាលម្អិតលើលទ្ធភាពអនុវត្តគម្រោង។\nជាមួយគ្នានេះ ឯកឧត្តមក៏បានពន្យល់អំពីតួនាទី និងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងលើកទឹកចិត្តដល់វិនិយោគិនចិន ឱ្យពិចារណាពង្រីកការបណ្តាក់ទុនលើវិស័យកម្មន្តសាល សម្រាប់ផលិតកម្មនាំចេញ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13859","languageVersionId":"7977","visibilityVersion":"2","versionToken":"a1.enggyULZaeeo174X8Jl0MA6-0Ngu_LQ474aEEJZVAgU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T10:14:32Z"}