{"asset":"news","key":"6473","locale":"km","id":"news:6473:km","entityId":"news:6473","canonicalUrl":"https://www.kps-tv.com/km/news/detail/6473","state":"ready","title":"កម្ពុជា-លីទុយអានី បន្តពង្រឹងភាពជាដៃគូ ខណៈកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ ផ្តោតលើពាណិជ្ជកម្ម ឌីជីថល និងថាមពលបៃតង","summary":"តាមសេចក្ដីរាយការណ៍ កម្ពុជានិងលីទុយអានីបានធ្វើកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ នៅវីលនីញូស ថ្ងៃទី៨ ខែឧសភា ដោយពិភាក្សាពីពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម ថាមពលបៃតង និងកិច្ចសហប្រតិបត្តិការពហុភាគី។","body":"តាមសេចក្ដីរាយការណ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Vidmantas Verbickas អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋលីទុយអានី បានធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលរៀបចំឡើងនៅរដ្ឋធានីវីលនីញូស សាធារណរដ្ឋលីទុយអានី។\nក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី មកកាន់ប្រទេសកម្ពុជា ដោយចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឌីជីថលូបនីយកម្ម ថាមពលបៃតង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។\nសហប្រធានទាំងពីរ ក៏បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដោយអះអាងជាថ្មីនូវការគាំទ្រពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាតាមរយៈវិធានសន្តិវិធី និងផ្លូវការទូត។\nក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវីលនីញូស គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Axioma ដែលជាក្រុមហ៊ុនផលិតឧបករណ៍វាស់ទឹកឆ្លាតវៃ ព្រមទាំងបានទទួលស្តាប់បទបង្ហាញពាក់ព័ន្ធនឹងសន្តិសុខសាយប័រ អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាដោះមីន ដែលជាវិស័យមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរ។\nដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13879","languageVersionId":"8018","visibilityVersion":"2","versionToken":"a1.6TdfzcgtdvkoB-BJN4Rkrt86DURyBp0pExGb3WD3zoY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-09T03:07:21Z"}