# តំណាងសហគមន៍កសិកម្មកម្ពុជា សិក្សាអភិបាលកិច្ច និងការគ្រប់គ្រងអាជីវកម្មនៅអៀរឡង់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6476>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13856","languageVersionId":"7968","visibilityVersion":"2","versionToken":"a1.yiEEdsX5nBRm6mNCQxkNh1fwMHhnfC9Sp-TDidK9jZE"}

Original publication: 2026-05-09T03:31:22Z

តាមសេចក្ដីរាយការណ៍ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំតំណាងសហគមន៍ពីខេត្តតាកែវ និងកំពង់ធំ ទៅសិក្សាបទពិសោធន៍នៅអៀរឡង់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងសហគមន៍កសិកម្មមកពីខេត្តតាកែវ និងកំពង់ធំ ទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍កម្រិតអន្តរជាតិ នៅប្រទេសអៀរឡង់ ក្រោមប្រធានបទ «ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអេកូលែន (ECOLAND) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយសាកលវិទ្យាល័យ UCC និងទទួលការឧបត្ថម្ភពី Irish Aid ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការគ្រប់គ្រងសហគមន៍កសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបភាព។
ក្នុងដំណើរទស្សនកិច្ចយុទ្ធសាស្ត្រនេះ គណៈប្រតិភូកម្ពុជា បានចុះសិក្សាផ្ទាល់ពីគំរូអភិបាលកិច្ច និងការគ្រប់គ្រងអាជីវកម្មសហគមន៍កសិកម្មខ្នាតធំ នៅសហគមន៍ Barryroe, Drinagh Co-Operative Ltd, Bushy Park និង Quay Co-op ដែលជាគំរូជោគជ័យរបស់ប្រទេសអៀរឡង់ ក្នុងការធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃ និងការពង្រីកអាជីវកម្មពហុគោលបំណង ដូចជា ការបង្កើតហាងទំនិញ និងអាហារដ្ឋាន ដើម្បីបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់សមាជិកសហគមន៍។
លើសពីនេះ ប្រតិភូកម្ពុជា ក៏បានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈបទបឋកថាពីអ្នកជំនាញអន្តរជាតិ មកពីប្រទេសអៀរឡង់ អង់គ្លេស បារាំង អ៊ីតាលី និងបូគីណាហ្វាសូ ពាក់ព័ន្ធនឹងការស្រាវជ្រាវ ការតម្រង់ទិសគោលនយោបាយកសិកម្មសកល បញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងការរៀបចំអ្នកបន្តវេនក្នុងវិស័យកសិកម្ម ដែលសុទ្ធសឹងជាមេរៀនយុទ្ធសាស្ត្រសំខាន់ សម្រាប់យកមកអនុវត្ត និងបន្ស៊ីជាមួយបរិបទសហគមន៍កសិកម្មនៅកម្ពុជា។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ចំណេះដឹង បច្ចេកទេស និងនវានុវត្តន៍ដែលទទួលបានពីកម្មវិធីនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃ ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្មកម្ពុជា ឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ស្របតាមគោលនយោបាយទំនើបកម្មវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ សុខ ស៊ីណាន

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


