{"asset":"news","key":"6486","locale":"km","id":"news:6486:km","entityId":"news:6486","canonicalUrl":"https://www.kps-tv.com/km/news/detail/6486","state":"ready","title":"ក្រសួងមហាផ្ទៃរាយការណ៍ស្ថានភាពពលរដ្ឋភៀសសឹក និងតំបន់ស៊ីវិល សម្រាប់ថ្ងៃទី៨–៩ ខែឧសភា","summary":"ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង មានពលរដ្ឋ១៣នាក់បន្ថែមទៀតត្រឡប់ទៅផ្ទះ ហើយនៅមាន៣២,៨៩៩នាក់មិនទាន់អាចត្រឡប់វិញ ខណៈសាលារៀន និងមូលដ្ឋានសុខាភិបាលមួយចំនួននៅតែផ្អាកសេវា។","body":"យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃមិនទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)លើកទី៣។\nក្នុងន័យនេះ ក្រសួងមហាផ្ទៃបានបន្តតាមដាន កត់ត្រា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តយកចិត្តទុកដាក់លើការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដែលរងផលប៉ះពាល់ពីស្ថានភាពនេះ។\n១. ស្ថានភាពពលរដ្ឋភៀសសឹក\nតាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេលពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែឧសភា មានពលរដ្ឋភៀសសឹកចំនួន១៣នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។\nក្រសួងបានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤០,០០០នាក់ មានជាង៦១០,០០០នាក់ ឬប្រមាណ៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។\nតាមក្រសួង នៅមានពលរដ្ឋភៀសសឹក៣២,៨៩៩នាក់ ក្នុងនោះមានស្ត្រី១៧,០១៩នាក់ និងកុមារ១១,០៧៨នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។\n២. សេវាសាធារណៈនៅតំបន់រងផលប៉ះពាល់\nសេវាសាធារណៈមួយចំនួននៅតែបន្តផ្អាកជាបណ្តោះអាសន្ន រួមមាន៖\n- ខេត្តឧត្តរមានជ័យ៖      សាលារៀន ៨ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ៥\n- ខេត្តបន្ទាយមានជ័យ៖      សាលារៀន ៥ និងមណ្ឌលសុខភាព ១- ខេត្តព្រះវិហារ៖      សាលារៀន ៧ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ២\n៣. ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល\nក្រសួងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ពុំមានរបាយការណ៍ថ្មីបន្ថែមអំពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ក្រៅពីករណីដែលក្រសួងបានកត់ត្រារួចមកហើយទេ។\n៤. ស្ថានការណ៍នយោបាយ និងការទូត\nក្រសួងមហាផ្ទៃបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃជំនួបត្រីភាគី កម្ពុជា–ហ្វីលីពីន–ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងស្តារទំនុកចិត្តដើម្បីសន្តិភាពយូរអង្វែង។ កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា មិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងឡើយ និងគាំទ្រការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីពាក់ព័ន្ធ។\n៥. អំពាវនាវ\nក្រសួងមហាផ្ទៃបានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមសាមគ្គីគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់ និងយន្តការការទូត ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពយូរអង្វែង៕\nដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13844","languageVersionId":"7932","visibilityVersion":"2","versionToken":"a1.GJg71sOzwk0-WwyU_yvdf2h-KkfpBWd4BHVaM8TREnE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-09T07:33:54Z"}