# ប្រាសាទបក្សីចាំក្រុងបញ្ចប់ការសង្គ្រោះបន្ទាន់ ខណៈការតាមដាននៅបន្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6492>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13836","languageVersionId":"7908","visibilityVersion":"2","versionToken":"a1.u1zIHnL8Ehvb5bZWxJkqA1odH11kaxd0eeXJ_w5ex20"}

Original publication: 2026-05-09T09:15:03Z

អាជ្ញាធរជាតិអប្សរាថា ការងារបានបញ្ចប់ថ្ងៃទី៨ ខែឧសភា រួមមានការពង្រឹងដំបូល និងជញ្ជាំងខាងក្នុងនៃកំពូល។ រន្ទាខ្លះនៅរក្សាទុកសម្រាប់តាមដាន ហើយខឿន ជណ្ដើរ និងកំពែងនៅត្រូវការជួសជុលបន្ត។

អាជ្ញាធរជាតិអប្សរាបានផ្សាយថា ប្រាសាទបក្សីចាំក្រុងក្នុងតំបន់អង្គរ ដែលផ្នែកខ្លះប្រឈមនឹងការរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ត្រូវបានក្រុមអ្នកជំនាញបញ្ចប់ការងារសង្គ្រោះបន្ទាន់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ប្រាសាទបក្សីចាំក្រុង ត្រូវបានទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោង លើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។
តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំង រួមមានផ្នែកដំបូលដោយសារឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។
ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។ ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ក្នុងគោលបំណងតាមដានភាពធន់ និងការរក្សាទុកយូរអង្វែង។
លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគជ័យជាទីមោទនៈ។ មន្រ្តីរូបនេះមានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែងសម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរតជំនាន់ក្រោយទៀត។ អ្នកជំនាញរូបនេះរំពឹងថា នឹងមានការគម្រោងជួសជុលនៅដំណាក់កាលបន្ទាប់ទៀត ព្រោះថាចំណុចខ្លះដូចជានៅខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុល និងលើកតម្លៃឡើងវិញផងដែរ។
សូមជម្រាបថា គម្រោងទល់ទ្រ និងពង្រឹងបន្ទាន់ប្រាសាទបក្សីចាំក្រុង ធ្វើឡើងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៦។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ មានកម្ពស់សរុប ២៩,២០ម៉ែត្រ និងមានអាយុកាលជាង ១ ០០០ឆ្នាំ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


