{"asset":"news","key":"6511","locale":"km","id":"news:6511:km","entityId":"news:6511","canonicalUrl":"https://www.kps-tv.com/km/news/detail/6511","state":"ready","title":"បន្ទាយមានជ័យ ពង្រឹងយុទ្ធនាការបោសសម្អាត Online Scam ជំរុញគ្រប់ស្ថាប័នរួមគ្នាទប់ស្កាត់បទល្មើសបច្ចេកវិទ្យា","summary":"តាមរបាយការណ៍ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំនៅថ្ងៃទី១០ ខែឧសភា ស្តីពីការប្រឆាំង Online Scams និងការគ្រប់គ្រងឯកសារស្នាក់នៅនិងការងាររបស់ជនបរទេស ដោយសង្កត់ធ្ងន់លើការបែងចែកអ្នកធ្វើការស្របច្បាប់ពីក្រុមពាក់ព័ន្ធបទល្មើសឆបោក។","body":"ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការងារស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឌីជីថល ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។\nកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាច្រើន។\nក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពអនុវត្តយុទ្ធនាការបង្ក្រាប Online Scam នៅក្នុងភូមិសាស្ត្រខេត្ត ដោយបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងបន្តជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។\nអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាជ្ញាធរកំពុងពង្រឹងការគ្រប់គ្រងជនបរទេសនៅតាមទីតាំងកាស៊ីណូ អគារស្នាក់នៅប្រមូលផ្តុំ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន និងទីតាំងអាជីវកម្មផ្សេងៗ ព្រមទាំងបន្តស្រាវជ្រាវទីតាំងសង្ស័យពាក់ព័ន្ធសកម្មភាព Online Scam និងសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព។\nថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើសប្រភេទនេះឱ្យអស់ពីកម្ពុជា។\nឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ដោយបែងចែកឱ្យដាច់រវាងជនបរទេសដែលមកធ្វើការស្របច្បាប់ និងក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ Online Scam ព្រមទាំងត្រូវត្រួតពិនិត្យឯកសារស្នាក់នៅ និងការងារឱ្យបានត្រឹមត្រូវ។\nជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់គ្រប់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមសហការគ្នាជាធ្លុងមួយ ក្នុងការបង្ក្រាបបទល្មើស Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសន្តិសុខជាតិ រក្សាកិត្តិយសប្រទេស និងជៀសវាងផលប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13828","languageVersionId":"7884","visibilityVersion":"2","versionToken":"a1.tUiWmVpBTSikAd9M3F_DNA-B6Txid234_c1gCZmovSw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-10T09:21:04Z"}