# មន្ទីរកសិកម្ម ខេត្តព្រះសីហនុបង្កើត “មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ” ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6606>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13759","languageVersionId":"7690","visibilityVersion":"2","versionToken":"a1.wWy1aVdeq0yXH7TPDsOP6UjUPPqmwi20_WyCGtyND14"}

Original publication: 2026-05-15T04:27:43Z

មន្ទីរកសិកម្មខេត្តព្រះសីហនុបានបង្កើតមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រសាកល្បង ដើម្បីស្រាវជ្រាវ ផ្សព្វផ្សាយបច្ចេកទេស និងបង្កើនចំណូលសហគមន៍តំបន់ឆ្នេរ។ ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យវឌ្ឍនភាពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ខេត្តព្រះសីហនុ៖ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបង្កើត “មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ” ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ។
 លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានថ្លែងដូចនេះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ និងចូលរួមប្រលែងកូនក្តាម ត្រីឆ្គង់ និងបង្គា នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ក្រោមការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មន្ទីរកសិកម្មខេត្តបានជំរុញការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បី៖
 • បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចផ្នែកវារីវប្បកម្មសមុទ្រ 
 • បង្កើនប្រាក់ចំណូលប្រជាសហគមន៍តំបន់ឆ្នេរ 
 • សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ដើម្បីយកគំរូអនុវត្តតាម 
 លោកបានបន្ថែមថា ការបើកមជ្ឈមណ្ឌលនេះ គឺជាជំហានដំបូង និងជាការសាកល្បង ដោយបានចម្លងបច្ចេកទេសពីក្រៅមកធ្វើការសិក្សាស្រាវជ្រាវ។ រហូតមកដល់ពេលនេះ មានរយៈពេល៣ខែកន្លះ មជ្ឈមណ្ឌលបានអនុវត្តការចិញ្ចឹមចំនួន៤ស្រះ ក្នុងនោះ៖
 • ស្រះទី១ ចិញ្ចឹមត្រីឆ្គង់ បានរយៈពេលជាង២ខែ 
 • ស្រះទី២ ចិញ្ចឹមក្តាមលាយជាមួយបង្គា 
 • ស្រះទី៣ និងទី៤ ចិញ្ចឹមក្តាម និងបង្គា ដែលទើបចាប់ផ្តើមប្រលែងនាពេលនេះ 
 បច្ចុប្បន្ន មជ្ឈមណ្ឌលកំពុងបន្តពង្រីកស្រះរហូតដល់៧ស្រះ លើផ្ទៃដីសរុបប្រមាណ១៦ហិកតា។
 ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមក្តាម បង្គា និងត្រី នៅមជ្ឈមណ្ឌលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញ និងគាំទ្របន្ថែមដល់មន្ទីរកសិកម្ម និងមន្ត្រីជំនាញ ឲ្យខិតខំធ្វើយ៉ាងណាឲ្យការចិញ្ចឹមទទួលបានជោគជ័យ ដើម្បីជំរុញកំណើនវារីវប្បកម្មសមុទ្រ ឲ្យទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងអាចពង្រីកទៅកាន់ទីផ្សារក្រៅខេត្តនាពេលខាងមុខ៕
 អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


