# លោកឡុង ឌីម៉ង់ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ និងវត្ថុធាតុដើម ទទួលការលើកទឹកចិត្តពន្ធគយ អាករពិសេស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6616>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13758","languageVersionId":"7687","visibilityVersion":"2","versionToken":"a1.SZ84QVGg4-W-R9CiRWhR4C1bGAVGgoF0jNdNTxONmmk"}

Original publication: 2026-05-15T10:58:46Z

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យសំណើសុំនាំចូលលើកទី២ របស់ក្រុមហ៊ុន Goldenlinkpro និងពិនិត្យមុខទំនិញដែលអាចទទួលការលើកទឹកចិត្តពន្ធ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ និងវត្ថុធាតុដើម ដោយទទួលការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់បម្រើដល់រោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទ របស់ក្រុមហ៊ុន Goldenlinkpro (Cambodia) Hardware Manufacturing Co., Ltd។ កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានឱ្យដឹងថា ក្រុមហ៊ុនខាងលើធ្លាប់បានដាក់សំណើសុំនាំចូលសម្ភារៈ និងបរិក្ខារម្តងរួចមកហើយទៅកាន់អនុគណៈកម្មការវិនិយោគខេត្ត ខណៈលើកនេះ គឺជាការស្នើសុំលើកទី២។ សម្ភារៈដែលស្នើសុំនាំចូលទាំងអស់ មានតម្លៃសរុបជាង ២០លានដុល្លារអាមេរិក។
លោកបន្តថា បន្ទាប់ពីទទួលសំណើពីក្រុមហ៊ុន តាមរយៈច្រកចេញចូលតែមួយរបស់ខេត្ត ក្រុមការងារបានសម្របសម្រួលជាមួយអង្គភាពគយ ដើម្បីពិនិត្យ និងរៀបចំបែបបទពាក់ព័ន្ធនឹងការនាំចូលសម្ភារៈទាំងនេះផងដែរ។
 ជាមួយគ្នានេះ សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានពិនិត្យឯកសារនិងបញ្ជីមុខទំនិញដែលក្រុមហ៊ុនស្នើសុំនាំចូល ដោយរកឃើញថា មុខទំនិញមួយចំនួនអាចទទួលបានការលើកទឹកចិត្តពន្ធ ខណៈមួយចំនួនទៀតមិនមែនជាសម្ភារៈបរិក្ខារផលិតកម្ម ដែលគួរទទួលបានការអនុគ្រោះពន្ធគយ និងអាករពិសេសនោះទេ។ អង្គភាពគយបានស្នើឱ្យក្រុមហ៊ុនបញ្ជាក់មុខទំនិញឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការកំណត់ប្រភេទទំនិញដែលអាចទទួលបានការលើកទឹកចិត្តពន្ធ។
ក្នុងនាមអនុគណៈកម្មការវិនិយោគខេត្ត លោកអភិបាលរងខេត្ត បានសម្រេចឯកភាពតាមបញ្ជីដែលសាខាគយបានផ្តល់ជូន និងណែនាំឱ្យលេខាធិការដ្ឋានអនុគណៈកម្មការវិនិយោគខេត្ត បំពេញបែបបទដាក់ជូនអភិបាលខេត្ត ដើម្បីពិនិត្យអនុម័ត បញ្ជូនបន្តទៅសាខាគយ និងរដ្ឋាករ ចេញសេចក្តីអនុម័តជូនដល់ក្រុមហ៊ុនផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


