# ក្រសួងវប្បធម៌កម្ពុជាតវ៉ាជំទាស់ដាច់ខាតការរៀបចំពិធីសាសនា និងបើកឱ្យចូលទស្សនាប្រាសាទខ្នារដោយភាគីថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6631>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13728","languageVersionId":"7611","visibilityVersion":"2","versionToken":"a1.6gx1Xw5eVLulL6UbuMtnfC1H5DBzXX4ePdse4bJRiSQ"}

Original publication: 2026-05-16T08:12:05Z

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានតវ៉ាចំពោះការរៀបចំពិធីសាសនា និងការបើកប្រាសាទខ្នារឱ្យមហាជនចូលទស្សនាដោយភាគីថៃ និងបានបញ្ជាក់ជំហររបស់ខ្លួនអំពីអធិបតេយ្យភាពលើទីតាំងទាំងនេះ និងអានុភាពផ្លូវច្បាប់នៃសកម្មភាពទាំងនោះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ដោយក្រសួងបញ្ជាក់ថា ប្រាសាទនេះស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍១ទំព័រជាភាសាអង់គ្លេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យកម្ពុជា។ ក្រសួងបានលើកឡើងថា អាជ្ញាធរថៃ បានយកទីតាំងវប្បធម៌របស់កម្ពុជាទាំងនេះទៅរៀបចំពិធីផ្លូវការ ការជួបជុំជាសាធារណៈ សកម្មភាពទេសចរណ៍នានាដែលជាទង្វើខុសច្បាប់ និងរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងវប្បធម៌កម្ពុជា បានអះអាងថា ទង្វើទាំងនេះគឺជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ក្នុងការពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយ ដើម្បីការកាន់កាប់ទឹកដីរបស់កម្ពុជា។ ក្រសួងវប្បធម៌កម្ពុជា បានបដិសេធ និងមិនទទួលយកដាច់ខាតចំពោះការប៉ុនប៉ងក្នុងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ភាគីថៃ តាមរយៈសកម្មភាពឯកតោភាគី និងថាសកម្មភាពទាំងអស់ គឺជាអំពើគ្មានសុពលភាព និងគ្មានអានុភាពផ្លូវច្បាប់ឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


