{"asset":"news","key":"6663","locale":"km","id":"news:6663:km","entityId":"news:6663","canonicalUrl":"https://www.kps-tv.com/km/news/detail/6663","state":"ready","title":"ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាល","summary":"ការចុះជំរឿនមន្ត្រីនៅទីស្តីការក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ មានគោលបំណងផ្ទៀងផ្ទាត់វត្តមាន និងប្រមូលទិន្នន័យមន្ត្រី ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាល។","body":"យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីប្រមូលទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ មានគណនេយ្យភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។\n នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការ នៅតាមអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម។\n យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ ដំណើរការបានរលូន មានប្រសិទ្ធភាព និងមិនមានការរអាក់រអួលដល់ប្រជាពលរដ្ឋ និងធុរជន។\n ការចុះពិនិត្យនេះ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម។\n សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម គឺជាស្ថាប័នទី៦ ដែលអនុវត្តការងារនេះ បន្ទាប់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនេះ ត្រូវបានចាត់ទុកជាជំហានសំខាន់ ក្នុងការរៀបចំរចនាសម្ព័ន្ធស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13650","languageVersionId":"7482","visibilityVersion":"2","versionToken":"a1.R6j3mp5dVhLXBANeAmeL0wsVZcehJW-rSGd6t5uHh8c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-18T10:03:02Z"}