{"asset":"news","key":"6667","locale":"km","id":"news:6667:km","entityId":"news:6667","canonicalUrl":"https://www.kps-tv.com/km/news/detail/6667","state":"ready","title":"កងទ័ពកម្ពុជា-ឡាវប្តេជ្ញាបន្តពង្រឹងកិច្ចសហការរក្សាសន្តិសុខតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ","summary":"ក្នុងកិច្ចប្រជុំលើកទី៤ នៅស្ទឹងត្រែង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កងទ័ពកម្ពុជា និងឡាវបានឯកភាពពង្រឹងសន្តិសុខព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន និងដោះស្រាយបញ្ហាដោយសន្តិវិធី។","body":"កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា។\nកិច្ចប្រជុំដោយផ្ទាល់លើកទី០៤នេះ ធ្វើឡើងក្រោមវត្តមានភាគីកម្ពុជា  ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា។\nបើតាមកំណត់ហេតុនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធ នៃ ប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Scams) ទំនិញគេចពន្ធ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា។ល។\nត្រូវបន្តឱ្យកងកម្លាំងការពារពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នាជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខតាមបណ្តាយព្រំដែនដោយសន្តិវិធី និងត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្តដែលញុះញុងឱ្យមានអំពើហឹង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ហើយត្រូវមានវិធានការការពារ ការទប់ស្កាត់ការបង្ហោះដ្រូន ភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យ នៃប្រទេសទាំងពីរ និងមិនឱ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពលើកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។\nភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្តង ជាប្រក្រតីដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះរវាង, កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមរភូមិន្ទ និងកងពលថ្មើរជើងទី៥ នៃកងទ័ពប្រជាជនឡាវ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ), តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ), តំបន់ប្រតិបត្តិការសឹករងរតនគិរី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពើ (ឡាវ)។\nក្នុងករណីមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះ និងបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ថែមទាំងត្រូវបន្តការគាំទ្រឱ្យគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ឡាវ កិច្ចការព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។\nបន្ថែមពីនេះ បន្តឱ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគី នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ តាមកម្មវិធីដែលបានឯកភាពគ្នាកន្លងមក ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះមួយឆ្នាំម្តង តាម ពេលវេលាជាក់ស្តែង និងកំណត់សមាសភាពចូលរួមភាគីនីមួយៗមិនលើសពី២០រូប។\nភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ហើយបន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ និងអ្នកជិតខាងល្អ ជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំផ្លាស់ប្តូរព័ត៌មានទាន់ សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមក។\nភាគីទាំងពីរបន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13670","languageVersionId":"7506","visibilityVersion":"2","versionToken":"a1.Z5_LHwa3gBaW4nf2wakXr1rjkXNpqvGVNfw7GuT1hj8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T03:32:10Z"}