# លោក ឡុង ឌីម៉ង់ លើកពីសារៈសំខាន់នៃការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6730>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13555","languageVersionId":"7309","visibilityVersion":"2","versionToken":"a1.DRel0BAZ9k_NneTn6m-5Rzy6emDwqivwH9vSz3BP4k4"}

Original publication: 2026-05-22T07:04:10Z

សិក្ខាសាលាពិគ្រោះយោបល់អំពីការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង ធ្វើឡើងនៅខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត សង្កត់ធ្ងន់លើការសិក្សាម៉ត់ចត់ ដើម្បីបង្កើតតុល្យភាពរវាងការអភិរក្ស និងការប្រើប្រាស់ធនធានដោយចីរភាព។

សិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច និងពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង (Zoning) នៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន, មជ្ឈមណ្ឌលបច្ចេកវិទ្យាមហាសមុទ្រជាតិចិន (NOTC) និងអង្គការសត្វនិងរុក្ខជាតិ (Fauna &amp; Flora - F&amp;F) ប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៅក្នុងតំបន់ការពារធម្មជាតិ គឺជាកិច្ចការដ៏សំខាន់ និងតម្រូវឱ្យមានការសិក្សាយ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ លោកបញ្ជាក់ថា សិក្ខាសាលានេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលខេត្តព្រះសីហនុកំពុងបន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយផ្តោតលើការបង្កើតតុល្យភាពរវាងការអភិរក្សតំបន់ស្នូល និងការប្រើប្រាស់ធនធានដោយចីរភាពនៅក្នុងតំបន់សហគមន៍ និងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធនៃខេត្តព្រះសីហនុ និងខេត្តកោះកុង នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡុង ឌីម៉ង់ បានថ្លែងកោតសរសើរ និងអរគុណដល់កងកម្លាំងទាំង៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែការពារបូរណភាពទឹកដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងស្នូលក្នុងការសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសសមុទ្រគ្រប់ប្រភេទផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


