{"asset":"news","key":"6734","locale":"km","id":"news:6734:km","entityId":"news:6734","canonicalUrl":"https://www.kps-tv.com/km/news/detail/6734","state":"ready","title":"កម្ពុជា និងហៃណានពិភាក្សាលទ្ធភាពចុះ MoU សហប្រតិបត្តិការទេសចរណ៍","summary":"រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ ជួបអភិបាលខេត្តហៃណាន លោក Liu Xiaoming នៅហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាលទ្ធភាពចុះ MoU ជំរុញការតភ្ជាប់ជើងហោះហើរ កញ្ចប់ទេសចរណ៍រួម និងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។","body":"ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នៃប្រទេសចិន បានឯកភាពស្វែងយល់ពីលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយ និងការផ្លាស់ប្តូរភ្ញៀវទេសចរ។\nក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Liu Xiaoming អភិបាលខេត្តហៃណាន និងសហការី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។\nឯកឧត្តមអភិបាលខេត្តហៃណាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកខេត្តហៃណាន និងបានបង្ហាញការចាប់អារម្មណ៍ចំពោះស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជា ប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។\nភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននៃភាគីទាំងពីរ។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងខេត្តហៃណាន សហការរៀបចំកញ្ចប់ទស្សនកិច្ច និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមផងដែរ។\nឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើឱ្យភាគីខេត្តហៃណាន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា។ ឯកឧត្តមក៏បានស្នើឱ្យរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ទីផ្សារចិនឲ្យកាន់តែទូលំទូលាយ។\nខេត្តហៃណានជាគោលដៅទេសចរណ៍អន្តរជាតិសំខាន់មួយរបស់ចិន ដែលមានសក្តានុពលផ្នែកទេសចរណ៍ឆ្នេរ វប្បធម៌ និងកម្សាន្ត។ តាមរបាយការណ៍អំពីជំនួបជាមួយសហគ្រាសទេសចរណ៍នៅហៃណាន សហគ្រាសទាំងនេះបានជួយនាំភ្ញៀវទេសចរចិនមកកម្ពុជាជាង៣០ម៉ឺននាក់នាពេលកន្លងមក និងបានបង្ហាញគោលដៅទាក់ទាញភ្ញៀវចិន៥០ម៉ឺននាក់ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយទេសចរណ៍។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13551","languageVersionId":"7297","visibilityVersion":"2","versionToken":"a1.OTSTzswrO2vvd3ef_v2c-7ta-EsD9PayeKK8bfSzTn0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T07:50:23Z"}