# មន្ត្រីជំរុញការគ្រប់គ្រងអាជីវកម្មខ្សាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6739>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13546","languageVersionId":"7282","visibilityVersion":"2","versionToken":"a1.nUWW6X9WIN6PRlSN9GOAtNWZ30HJ67ygTHhDuWfcmKc"}

Original publication: 2026-05-22T08:50:34Z

ក្នុងកម្មវិធីនៅសាលាខេត្តក្រចេះ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជំរុញការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់អាជីវកម្មខ្សាច់។ អភិបាលរងខេត្តក្រចេះ លោក គង់ គឹមនី រាយការណ៍ថា ខេត្តមានសហគ្រាសគ្រួស-ខ្សាច់៧ ស្មើនឹងអាជ្ញាប័ណ្ណ៧ តាមដងទន្លេមេគង្គ។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នខេត្តក្រចេះមានសហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ចំនួន ៧ សហគ្រាស ស្មើនឹង ៧ អាជ្ញាប័ណ្ណ ដែលកំពុងបូមគ្រួស និងខ្សាច់ពីបាតទន្លេ ដើម្បីផ្គត់ផ្គង់ដល់ការដ្ឋានសំណង់ក្នុងខេត្ត។
ក្នុងចំណោមទីតាំងអាជីវកម្មទាំងនេះ មាន ៣ កន្លែងស្ថិតនៅក្រុងក្រចេះ, ១ កន្លែងនៅស្រុកចិត្របុរី, ១ កន្លែងនៅស្រុកឆ្លូង និង ២ កន្លែងនៅស្រុកព្រែកប្រសប់។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា អាជីវកម្មទាំងអស់មានទីតាំងតាមដងទន្លេមេគង្គ។
ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មធនធានគ្រួស-ខ្សាច់នេះ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ អនុវត្តយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសឲ្យមានប្រសិទ្ធភាព និងតម្លាភាព។
ក្នុងឱកាសចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅសាលាខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រង និងអនុវត្តបទដ្ឋានបច្ចេកទេសឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាការផ្តល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តម ស៊ិន វិសិដ្ឋ ដែលជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបញ្ជាក់ថា គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចេកទេសបូមខ្សាច់ ឲ្យស្របតាមបទដ្ឋានជលវិទ្យា និងជលគតិ។
ឯកឧត្តមបានបន្ថែមថា ប្រសិនបើការធ្វើអាជីវកម្មខ្សាច់ខ្វះការគ្រប់គ្រងត្រឹមត្រូវ នោះអាចបង្កឲ្យមានការបាក់ស្រុតច្រាំងទន្លេ បាត់បង់ជីវចម្រុះ ប៉ះពាល់ដល់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ។ ដូច្នេះ ការរៀបចំយន្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការអនុវត្តបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ គឺជាកត្តាចាំបាច់៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


