{"asset":"news","key":"6753","locale":"km","id":"news:6753:km","entityId":"news:6753","canonicalUrl":"https://www.kps-tv.com/km/news/detail/6753","state":"ready","title":"រដ្ឋមន្ត្រីវប្បធម៌បង្ហាញជំហរកម្ពុជាជូនអង្គទូតអំពីស្ថានភាពប្រាសាទតាមព្រំដែន","summary":"នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីវប្បធម៌ ភឿង សកុណា បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ៤៤រូប ស្តីពីស្ថានភាពតំបន់បេតិកភណ្ឌតាមព្រំដែនកម្ពុជា-ថៃ និងជំហរកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។","body":"នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន៤៤រូប បានចូលរួមស្តាប់បទបង្ហាញនៅទីស្តីការក្រសួងការបរទេស។ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីជំហរកម្ពុជាចំពោះការបំផ្លិចបំផ្លាញ និងការកាន់កាប់តំបន់ប្រាសាទដោយភាគីថៃ។ លោកជំទាវបានថ្លែងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។\nតាមលោកជំទាវ ភឿង សកុណា ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានកាន់កាប់តំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ហើយធ្វើសកម្មភាពជាច្រើន រួមមានពិធីសាសនា ដំណើរទស្សនកិច្ចរបស់សមាជិកគណៈរដ្ឋមន្ត្រីថៃ ការជួសជុលដោយគ្មានការអនុញ្ញាត ការដាក់ប្រាសាទទាំងនោះក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការសាងសង់សំណង់អចិន្ត្រៃយ៍ ដូចជាព្រះពុទ្ធបដិមាធំៗ។\nទោះបីជាយ៉ាងណា លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ាជាច្រើន ហើយក៏នឹងបន្តប្រឆាំងដាច់ខាត់ចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃដែលប៉ុនប៉ងបង្កើតស្ថានភាពលើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ចំពោះបេតិកភណ្ឌវប្បធម៌ខ្មែរ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិចំពោះការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ រដ្ឋមន្រ្តីវប្បធម៌ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងបញ្ជាក់ថា សន្តិភាពរវាងកម្ពុជានិងថៃ មានសារៈសំខាន់សម្រាប់សុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13534","languageVersionId":"7246","visibilityVersion":"2","versionToken":"a1.FtXIuCYKFh3ucpcRayvK9f0TAvKF7Ate8czzE0u56Hs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-23T08:01:22Z"}