# ផ្លូវបេតុងលេខ១២៣-១៣ នៅក្រុងព្រះសីហនុជិតរួចរាល់ នឹងផ្តល់ផលប្រយោជន៍ដល់ជាង៤ពាន់គ្រួសារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6766>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13526","languageVersionId":"7222","visibilityVersion":"2","versionToken":"a1.uzIXdKTiAqwmyAYJnc5CtvNuET5ogVmHXPf9d1FF6zk"}

Original publication: 2026-05-24T07:44:18Z

អភិបាលខេត្ត ម៉ាង ស៊ីណេត បានពិនិត្យផ្លូវលេខ១២៣-១៣ នៅភូមិ១ សង្កាត់លេខ៣ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ ផ្លូវដែលជិតរួចរាល់នេះ មានប្រវែងជាង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្រាស់១តឹកកន្លះ ហើយនឹងផ្តល់ផលប្រយោជន៍ដល់ជាង៤ពាន់គ្រួសារ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវលេខ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងអំពាវនាវដល់សប្បុរសជន ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាបន្តបន្ទាប់។
ផ្លូវបេតុងដែលកំពុងស្ថាបនាជិតរួចរាល់នេះ មានបណ្ដោយជាង ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ ព្រមទាំងមានប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ។ គម្រោងនេះ ត្រូវបានឧបត្ថម្ភថវិកាសាងសង់ដោយលោកជំទាវ ប្រាក់ ចាន់សុខា ដោយចំណាយថវិកាអស់ជាង ១០ម៉ឺនដុល្លារ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសប្បុរសជន និងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមជាង ឱ្យយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព និងស្តង់ដារបច្ចេកទេសនៃការស្ថាបនាផ្លូវ ព្រមទាំងការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែងសម្រាប់សាធារណជន។
ជាមួយគ្នានេះ លោក កាន់ ឡឹង បានលើកឡើងថា ផ្លូវមួយខ្សែនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងភ្ជាប់ការធ្វើដំណើររវាងតំបន់នានាឱ្យកាន់តែងាយស្រួល។
លោកចៅសង្កាត់បានបន្ថែមថា គម្រោងផ្លូវនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ ក្នុងមូលដ្ឋានសង្កាត់លេខ៣។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ដែលបានចូលរួមកសាងផ្លូវបេតុងនេះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


