{"asset":"news","key":"6792","locale":"km","id":"news:6792:km","entityId":"news:6792","canonicalUrl":"https://www.kps-tv.com/km/news/detail/6792","state":"ready","title":"ចៅហ្វាយខេត្តកណ្តាលប្រកាសផ្ដល់ប្រាក់២លានរៀលឱ្យជនដែលប្រាប់ទីតាំងប្រព្រឹត្តិ Online Scam","summary":"អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានប្រកាសប្រាក់រង្វាន់២លានរៀលសម្រាប់ព័ត៌មានអំពី Online Scam ដែលឈានដល់ការបង្ក្រាបនៅក្នុងខេត្ត។ លោកក៏បានសន្យារក្សាការសម្ងាត់ជូនអ្នកផ្ដល់ព័ត៌មាន។","body":"ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន២លានរៀលដល់ជនណាដែលហ៊ានរាយការណ៍ពីទីតាំងលួចប្រព្រឹត្តិបទល្មើស Online Scam ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តរូបនេះ ក៏ធានាការសង្ងាត់ជូនដល់អ្នកផ្ដល់ព័ត៌មានឈានដល់ការបង្ក្រាបថែមទៀតផង។\nឯកឧត្តម គួច ចំរើន បានបញ្ជាក់នៅលើទំព័រហ្វេសបុកផេកផ្លូវការនាព្រឹកព្រលឹមថ្ងៃអង្គារនេះថា «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំអំពីទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាលឈានទៅបង្ក្រាបបាន ខ្ញុំបាទជូនរង្វាន់ ២លានរៀល និងរក្សាការសម្ងាត់ជូន»។\nការប្រកាសរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ធ្វើឡើង២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលមិនត្រូវលើកលែងឡើយ។\nសម្ដេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13507","languageVersionId":"7165","visibilityVersion":"2","versionToken":"a1.dErKZwykyGa7Mn0RsPIFItMzW_dLAvFuTnULUg0Km8I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T02:23:22Z"}