# មន្រ្តីជំនាញខេត្តក្រចេះចុះពិនិត្យតាមទីផ្សាររកឃើញទំនិញខូចគុណភាពមួយចំនួនបញ្ឈប់ឱ្យដាក់លក់ភ្លាមៗ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6799>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13503","languageVersionId":"7153","visibilityVersion":"2","versionToken":"a1.z8Nl7xXgHO0u6y1BSatzlUlJ4gw12ExsoNeFhU0DPM0"}

Original publication: 2026-05-26T03:35:35Z

ក្រុមការងារចម្រុះស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងថា ការចុះត្រួតពិនិត្យថ្ងៃទី២៥ ខែឧសភា បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងហួសសុពលភាព។ ទំនិញទាំងនោះត្រូវបានដកហូត និងណែនាំឱ្យបញ្ឈប់ការដាក់លក់។

ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកស្នួល សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចេះ បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងទីតាំងអាជីវកម្មមួយចំនួនក្នុងភូមិសាស្ត្រស្រុកស្នួល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យគុណភាពទំនិញ និងសុវត្ថិភាពចំណីអាហារ។
ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ទំនិញហួសសុពលភាព និងផលិតផលដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំផ្សព្វផ្សាយដល់អាជីវករ អំពីច្បាប់ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់ការការពារអ្នកប្រើប្រាស់ផងដែរ។
មន្ត្រីជំនាញបានឱ្យដឹងថា ការត្រួតពិនិត្យផ្តោតលើផលិតផលចំណីអាហារ បន្លែ ផ្លែឈើ សាច់គ្រប់ប្រភេទ ភេសជ្ជៈ និងទំនិញប្រើប្រាស់ផ្សេងៗ ដោយផ្តោតសំខាន់លើទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានប្រភពច្បាស់លាស់ ផលិតផលផ្ទុកសារធាតុហាមឃាត់ និងទំនិញខ្វះអនាម័យ។
ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញមួយចំនួនខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងមានការប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូ។ ទំនិញទាំងនោះត្រូវបានដកហូត និងណែនាំឱ្យអាជីវករបញ្ឈប់ការដាក់លក់ជាបន្ទាន់។
អាជ្ញាធរស្រុកស្នួលបានបញ្ជាក់ថា នឹងបន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបទំនិញខូចគុណភាព និងទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


