{"asset":"news","key":"6803","locale":"km","id":"news:6803:km","entityId":"news:6803","canonicalUrl":"https://www.kps-tv.com/km/news/detail/6803","state":"ready","title":"អន្តោប្រវេសន៍បដិសេធព័ត៌មានបិទច្រកចូល និងហាមជនបរទេសក្រោម៤០ឆ្នាំចូលកម្ពុជា","summary":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំភ្លឺនៅថ្ងៃទី២៦ ខែឧសភា បដិសេធព័ត៌មានលើ WeChat អំពីការបិទអាកាសយានដ្ឋាន និងហាមជនបរទេសក្រោម៤០ឆ្នាំចូលកម្ពុជា ដោយបញ្ជាក់ថា ច្រកទ្វារអន្តរជាតិសំខាន់ៗនៅបន្តបែបបទជាធម្មតា។","body":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បដិសេធព័ត៌មានជាភាសាចិនដែលបានផ្សព្វផ្សាយលើ WeChat កាលពីថ្ងៃទី២៥ ខែឧសភា។ ព័ត៌មានមិនពិតនោះអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ច្រកព្រំដែនគោកនឹងរឹតបន្តឹងចាប់ពីថ្ងៃទី២៦ ខែឧសភា និងជនបរទេសអាយុក្រោម៤០ឆ្នាំទាំងអស់នឹងត្រូវបដិសេធមិនឱ្យចូលប្រទេស មិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។\nអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនឲ្យចូលមកប្រទេសកម្ពុជានោះទេ។\nបច្ចុប្បន្នអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជនបរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាព និងការពង្រឹងការគ្រប់គ្រងជនបរទេស ក្នុងគោលបំណងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបានការគាំពារ ការលើកទឹកចិត្តក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនមានការបិទការធ្វើដំណើរចេញ-ចូល ដូចការលើកឡើងខាងលើនោះទេ ។\nជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបំភ្លឺជូនសារធារណជន មេត្តាជ្រាបថា តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅបន្តបែបបទនៃការ ចូល-ចេញ ប្រទេសជាធម្មតា មិនមានការផ្លាស់ប្តូរណាមួយឡើយ ដែលធ្វើអោយមានការរាំងស្ទះដល់ការធ្វើដំណើរចូល-ចេញ ព្រះរាជាណាចក្រកម្ពុជានោះទេ។\nទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្រកាសពីមុនអំពីការលើកលែងទិដ្ឋាការសាកល្បង សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិនដែលមានលក្ខណៈសម្បត្តិស្របតាមគោលនយោបាយ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ តាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថ្ងៃទី១៦ ខែមករា ដែលដកស្រង់សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ថ្ងៃទី១៥ ខែមករា អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើដំណើរមកពីប្រទេសចិន ឬប្រទេសផ្សេងទៀត ស្នាក់នៅរហូតដល់១៤ថ្ងៃក្នុងមួយលើក និងចូលច្រើនលើកក្នុងអំឡុងពេលសាកល្បង ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ឬបង់ថ្លៃទិដ្ឋាការ ប៉ុន្តែត្រូវបំពេញបណ្ណចូលប្រទេសអេឡិចត្រូនិក (E-Arrival Card)។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13499","languageVersionId":"7141","visibilityVersion":"2","versionToken":"a1.qj4m8SW0uhv9mtsrU8atwwgf6fM44FSwFiLvRzhWW4Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T06:50:05Z"}