{"asset":"news","key":"6831","locale":"km","id":"news:6831:km","entityId":"news:6831","canonicalUrl":"https://www.kps-tv.com/km/news/detail/6831","state":"ready","title":"ផ្សោតលេខ៩៤ មួយក្បាលនៅខេត្តក្រចេះ បានស្លាប់ដោយសារចាស់ជរា នេះបើតាមលទ្ធផលការធ្វើកោសល្យវិច័យពីក្រុមជំនាញបានសន្និដ្ឋាន","summary":"ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រុមជំនាញបានសន្និដ្ឋានថា ផ្សោតញីលេខ៩៤ ដែលប្រទះឃើញស្លាប់នៅខេត្តក្រចេះកាលពីដើមខែឧសភា ឆ្នាំ២០២៦ បានស្លាប់ដោយសារចាស់ជរា។ ផ្សោតនេះមានអាយុប្រមាណ៣០ឆ្នាំ។","body":"ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាប អំពីលទ្ធផលនៃការពិនិត្យ និងធ្វើកោសល្យវិច័យលើសពសត្វផ្សោតមួយក្បាល ដែលត្រូវបានប្រទះឃើញអណ្តែតទើនៅមាត់ច្រាំងកោះអណ្តែង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងមក។\nយោងតាម លទ្ធផលនៃការពិនិត្យសត្វផ្សោតនេះមានលេខសម្គាល់ ៩៤ (ID: 94) ជាប្រភេទផ្សោតញី ដែលធ្លាប់រស់នៅក្នុងអន្លង់ ត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សត្វផ្សោតនេះមានអាយុប្រមាណ ៣០ឆ្នាំ ប្រវែង ២៣១សង់ទីម៉ែត្រ និង ទម្ងន់ ១៧០គីឡូក្រាម។\nតាមការពិនិត្យជាក់ស្តែង ផ្សោតនេះមានធ្មេញសឹករេចរិល ក្រពះទទេពុំមានចំណីអាហារ និង ពុំមានស្លាកស្នាមរបួសដោយសារឧបករណ៍នេសាទនៅលើដងខ្លួនឡើយ។ ផ្អែកលើលក្ខណៈជីវសាស្ត្រ សត្វផ្សោត ទឹកសាប (Irrawaddy Dolphin) អាចបន្តពូជបាននៅពេលមានអាយុចាប់ពី ៧ឆ្នាំ និងអាចរស់បានរហូតដល់អាយុ ៣០ឆ្នាំ ព្រមទាំងមានទម្ងន់អតិបរមាចន្លោះពី ១៥០ ទៅ ២០០គីឡូក្រាម។\nអាស្រ័យហេតុនេះ ក្រុមការងារជំនាញ បានសន្និដ្ឋានថា ផ្សោតលេខ៩៤ នេះ បានស្លាប់ដោយសារចាស់ជរា។\nគិតចាប់តាំងពីមានករណីសត្វផ្សោតស្លាប់ចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ករណីស្លាប់ ដោយធម្មជាតិនាខែឧសភា ឆ្នាំ២០២៦ នេះ គឺមានរយៈពេល ១៩ខែ ដែលពុំមានសត្វផ្សោតស្លាប់ដោយកត្តាផ្សេងៗ ទាល់តែសោះ។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មឥតស្រាកស្រាន្ត របស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងឆ្មាំទន្លេ ក្នុងការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ មិនឱ្យមានករណីផ្សោតស្លាប់ដោយសារ កត្តាខាងក្រៅ ដូចជាការជាប់មង ការឆក់ត្រី ឬការមុតរបួសដោយសារស្លាបចក្រកាណូតជាដើម។\nក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ មន្ត្រី ជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារធនធានជល ផលដ៏មានតម្លៃនេះ។\n\nទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបាន ប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ឬសកម្មភាពនេសាទល្មើសច្បាប់ សូមជួយផ្តល់ព័ត៌មានជាបន្ទាន់មក កាន់សមត្ថកិច្ចជលផល តាមរយៈទូរសព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ - ០១១ ៣៥៥ ៨៨៣ - ០៩៩ ៧៩១ ៩១៩ - ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13486","languageVersionId":"7102","visibilityVersion":"2","versionToken":"a1.zMqzZz4WvUkf8tBNu84N3b9HDN5riRfWoNkCMxipPK0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-27T08:30:18Z"}