{"asset":"news","key":"6875","locale":"km","id":"news:6875:km","entityId":"news:6875","canonicalUrl":"https://www.kps-tv.com/km/news/detail/6875","state":"ready","title":"ស្នងការកំពត ច្រានចោលព័ត៌មានចាប់ក្មេង និងព្រមានចាត់ការតាមច្បាប់អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត","summary":"ស្នងការនគរបាលខេត្តកំពតបានបដិសេធព័ត៌មានអំពីការចាប់ក្មេង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ហើយអំពាវនាវឱ្យពិនិត្យប្រភពមុនចែករំលែក។ សមត្ថកិច្ចបញ្ជាក់ថា កំពុងស្រាវជ្រាវអ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត។","body":"ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតបានចេញមុខបដិសេធ និងច្រានចោល ចំពោះព័ត៌មានដែលកំពុងត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ដោយអះអាងថា មានករណីចាប់ក្មេងកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពត។\n យោងតាមការបញ្ជាក់របស់លោក ម៉ៅ ច័ន្ទមធុរិទ្ឋិ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មិនមានករណីចាប់កុមារ ឬសកម្មភាពសង្ស័យពាក់ព័ន្ធនឹងការចាប់ក្មេងណាមួយ កើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ។\n ស្នងការខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ខណៈព័ត៌មានមិនពិតមួយដែលមានខ្លឹមសារថា «ករណីចាប់ក្មេងមកដល់ខេត្តកំពតហើយ» កំពុងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម បង្កឱ្យមានការភ័យខ្លាច និងច្របូកច្របល់ក្នុងសហគមន៍។\n លើសពីនេះសមត្ថកិច្ចក៏បានបញ្ជាក់ថា កំពុងបើកការស្រាវជ្រាវស្វែងរកម្ចាស់គណនី ឬបុគ្គលដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។\n អាជ្ញាធរបានអំពាវនាវដល់សាធារណជនឱ្យពិនិត្យប្រភពព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងធ្វើការចែករំលែកបន្ត ដើម្បីជៀសវាងការរួមចំណែកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្កការភ័យខ្លាចចំពោះប្រជាពលរដ្ឋទូទៅ៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13471","languageVersionId":"7057","visibilityVersion":"2","versionToken":"a1.VHX1WR055WrFImbwzLjC9GJb0ph3ksV5bNuv9b1lZ-w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-30T02:47:56Z"}