{"asset":"news","key":"6881","locale":"km","id":"news:6881:km","entityId":"news:6881","canonicalUrl":"https://www.kps-tv.com/km/news/detail/6881","state":"ready","title":"ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ","summary":"ស្តូបនយោបាយឈ្នះឈ្នះកោះកុងបានសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រោយសាងសង់៦ឆ្នាំ។ សេចក្តីរាយការណ៍រៀបរាប់ពីពិធី និងសកម្មភាពសិល្បៈ ពាណិជ្ជកម្ម និងកីឡាអមព្រឹត្តិការណ៍។","body":"ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីចាយពេលសាងសង់អស់រយៈពេល ៦ឆ្នាំ។\nពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នាព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជននិងសិស្សានុសិស្សចូលរួមប្រមាណជាង៦៣០០នាក់។\nការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបនយោបាយឈ្នះឈ្នះកោះកុងនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះដែលបានផ្ដួចផ្ដើមឡើងដោយមគ្គទេសឯក គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ដើម្បីបញ្ជ្រាបដល់សាធារណជននិងប្រជាពលរដ្ឋខ្មែរទាំងមូលឱ្យយល់ជ្រាប តាមរយៈការបង្កើតជាទម្រង់សិល្បៈបញ្ចេញជាសារ តាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ មួយវិញទៀតគឺដើម្បីឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាពដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះដែលមានរយៈពេល ២៨ឆ្នាំហើយ ពោលគឺចាប់ពីឆ្នាំ១៩៩៨រហូតឆ្នាំ២០២៦នេះ។\nស្តូបនយោបាយឈ្នះឈ្នះកោះកុង បានប្រើពេល ៦ឆ្នាំក្នុងការសាងសង់លើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយមានកម្ពស់ ៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ៤ជ្រុង ខាងក្រោមមានរូបសំណាក់តោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាលបីជាដើម។ ចំណែក ការចំណាយថវិកាសម្រាប់ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះកោះកុង គឺទទួលបានពីការចូលរួមពីសប្បុរសជនដោយមិនបានយកថវិការជាតិយកមកសាងសង់នោះទេ។\nនៅក្នុងពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះកោះកុងនាព្រឹកនេះ គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនផងដែរ រួមមាន ការដង្ហែរក្បួនរថយន្តរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ការតាំងពិព័រណ៍ និងសម្តែងយានយន្ត ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀតដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ការសម្តែងសិល្បៈ ប្រគុំតន្ត្រី របាំមហាជន និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិទៀតផង៕\n\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13467","languageVersionId":"7045","visibilityVersion":"2","versionToken":"a1.rYriaAxCIMlFhiJ3uJ3ZldjStpN4JGUKF3b8ZL1_600"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-30T06:19:12Z"}