{"asset":"news","key":"6887","locale":"km","id":"news:6887:km","entityId":"news:6887","canonicalUrl":"https://www.kps-tv.com/km/news/detail/6887","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន ជំរុញការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរឹតបន្តឹងវិធានការបង្ក្រាបការគេចពន្ធ ដើម្បីពង្រឹងចំណូលជាតិ","summary":"សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានជួបមន្ត្រីមូលដ្ឋាន៧៧៥នាក់នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែឧសភា ដោយជំរុញការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ ការជៀសវាងការប្រើអំណាចគាបសង្កត់ និងការដោះស្រាយវិវាទដីធ្លីដោយយុត្តិធម៌។","body":"ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ ព្រមទាំងការអនុវត្តវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើគេចពន្ធ និងសកម្មភាពអាជីវកម្មដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីធានាប្រភពចំណូលថវិកាជាតិ សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។\nការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ សរុបចំនួន ៧៧៥នាក់ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់។\nឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា ដំណើរចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅមូលដ្ឋាននេះ មានគោលបំណងពង្រឹងគណនេយ្យភាព និងតម្លាភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ព្រមទាំងជំរុញឱ្យការអនុវត្តការងារនៅថ្នាក់មូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។\nក្នុងឱកាសនោះ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានវិលត្រឡប់មកជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅខេត្តពោធិ៍សាត់សាជាថ្មី ព្រមទាំងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរួមចំណែកទប់ស្កាត់សកម្មភាពដែលបង្កអស្ថិរភាពនានា។\nសម្តេចតេជោបានក្រើនរំឭកដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តលះបង់កម្លាំងកាយចិត្តបំពេញតួនាទីបម្រើជាតិ និងប្រជាជន ដោយផ្តោតលើការផ្តល់សេវាសាធារណៈឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។\nជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តថែរក្សាស្ថិរភាពជាតិ និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» តាមរយៈការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន អំពើចោរកម្ម ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។\nសម្តេចតេជោក៏បានណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន យុទ្ធពលី ជនពិការ និងអតីតយុទ្ធជន ដោយរៀបចំសកម្មភាពសួរសុខទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ពួកគាត់។\nទន្ទឹមនឹងនេះ សម្តេចបានក្រើនរំឭកមន្ត្រីទាំងអស់ឱ្យជៀសវាងអំពើអសកម្ម និងការប្រើអំណាចគាបសង្កត់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ប៉ុន្តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។\nសម្តេចតេជោក៏បានជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសតាមយន្តការក្រៅប្រព័ន្ធតុលាការ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងមិនលំអៀង។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យមន្ត្រីមូលដ្ឋានចូលរួមការពារ និងថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។\nសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងខេត្តពោធិ៍សាត់ ដែលបានរួមសហការគ្នាជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបានជូនពរឱ្យមន្ត្រីរាជការទាំងអស់ទទួលបានសុខភាពល្អ សេចក្តីសុខ និងជោគជ័យក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13447","languageVersionId":"7009","visibilityVersion":"2","versionToken":"a1.rlrGlN5XnvqYiqry7mRoZ0X85VGSF6QDZUJUhoApM74"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-30T09:12:20Z"}