{"asset":"news","key":"6932","locale":"km","id":"news:6932:km","entityId":"news:6932","canonicalUrl":"https://www.kps-tv.com/km/news/detail/6932","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងវិស័យអប់រំ និងសុខាភិបាល គឺជាការវិនិយោគដ៏សំខាន់សម្រាប់ការពារជាតិរយៈពេលវែង","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ការវិនិយោគលើការអប់រំ សុខាភិបាល និងធនធានមនុស្ស គឺជាមូលដ្ឋានសំខាន់សម្រាប់ការពារជាតិរយៈពេលវែង។","body":"រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចការពារជាតិគឺជាបេសកកម្មដែលត្រូវអនុវត្តជាបន្តបន្ទាប់ និងរយៈពេលយូរអង្វែង ដរាបណាប្រទេសជាតិនៅតែមានអធិបតេយ្យភាព និងត្រូវការការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។\nសម្តេចថ្លែងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។\n សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងជាតិ និងការពារជាតិឱ្យរឹងមាំ គឺផ្អែកលើធនធានមនុស្សដែលមានគុណភាព។ ដូច្នេះ ការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រឹងសមត្ថភាពជាតិ មិនអាចពឹងផ្អែកតែលើកងទ័ពអាជីព ឬកងទ័ពកាតព្វកិច្ចប៉ុណ្ណោះបានទេ។\n សម្តេចបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋនៅមានកម្រិតចំណេះដឹងទាប និងបញ្ហាសុខភាពនៅមិនទាន់ល្អប្រសើរ នោះការអភិវឌ្ឍជាតិ និងការពារជាតិក៏នឹងប្រឈមបញ្ហាផងដែរ។ ហេតុនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគផ្នែកសុខភាព ចាប់តាំងពីដំណាក់កាលស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំកុមារក្នុងរយៈពេលពីរឆ្នាំដំបូង។\n សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងមាតាបន្ទាប់ពីសម្រាលកូន ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងស្ត្រីជាប់ឃុំក្នុងពន្ធនាគារ ដោយសារកុមារគឺជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។\n ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវកុំឱ្យមើលឃើញថា ការពារជាតិគ្រាន់តែជាការចំណាយថវិកាទៅលើក្រសួងការពារជាតិប៉ុណ្ណោះ ព្រោះការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល ក៏ជាផ្នែកសំខាន់នៃការពង្រឹងសមត្ថភាពការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13390","languageVersionId":"6887","visibilityVersion":"2","versionToken":"a1.v4GboRnkzPNvupyxP8nbLLrLYfV08IEAZMzMccFLEz0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-03T06:22:09Z"}