{"asset":"news","key":"6934","locale":"km","id":"news:6934:km","entityId":"news:6934","canonicalUrl":"https://www.kps-tv.com/km/news/detail/6934","state":"ready","title":"ស្នងការភ្នំពេញ៖ ឃាតកម្មចិនចាក់សម្លាប់ចិនគ្នាឯង រួចយកទៅផ្លុងចោលនៅខណ្ឌដង្កោ កម្លាំងនគរបាលកំពុងស្រាវជ្រាវដើម្បីចាប់ជនដៃដល់","summary":"កម្លាំងនគរបាលរាជធានីភ្នំពេញកំពុងសហការជាមួយនគរបាលជាតិ ស្រាវជ្រាវករណីជនជាតិចិនត្រូវសម្លាប់ ហើយយកសពមកផ្លុងចោលក្នុងរថយន្ត Prius នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីតាមចាប់ជនសង្ស័យ។","body":"ភ្នំពេញ៖ នៅក្នុងខណ្ឌដង្កោ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ក្រោយពលរដ្ឋប្រទះឃើញសពជនជាតិចិនម្នាក់ ត្រូវបានគេយកទៅផ្លុងចោល ដែលព័ត៌មាននេះត្រូវបាន គេចែកចាយ ជាពិសេសជនជាតិចិនបានយកទៅបង្ហោះយ៉ាងច្រើននៅក្នុងបណ្តាញសង្គម WeChat និងបណ្តាញសង្គមផ្សេងទៀត នាំឱ្យជនជាតិចិនមួយចំនួនមានការគិតមិនល្អពីស្ថានភាពសន្តិសុខក្នុងស្រុករបស់យើង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។\nកម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមជនដៃដល់ដែលជាជនជាតិចិនគ្នាឯង មកកាត់ទោសតាមច្បាប់។\nសូមជម្រាបថា ជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកសម្លាប់ ហើយដឹកយកមកផ្លុងចោលក្នុងរថយន្តព្រូស (Prius) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-1311 នៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។\nលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្មីៗនេះ បានឱ្យដឹងថា «ករណីឃាដ្ឋកម្ម ដែលជនជាតិចិនចាក់សម្លាប់ជនជាតិចិនគ្នាឯង រួចដាក់ក្នុងរថយន្តព្រុស ផ្លុងចោលនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយនាយកដ្ឋានជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លូនជនសង្ស័យ»៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13436","languageVersionId":"6979","visibilityVersion":"2","versionToken":"a1.JlkpbQ9ikbsHRjVuNUKPmlxIadEJTrdZ9OWXTUWBmr4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-03T06:44:06Z"}