{"asset":"news","key":"6962","locale":"km","id":"news:6962:km","entityId":"news:6962","canonicalUrl":"https://www.kps-tv.com/km/news/detail/6962","state":"ready","title":"ចិន-កម្ពុជា ចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ខណៈគម្រោងរួមកើនដល់ ១១៣ គម្រោង","summary":"Wang Wenbin លើកតាមទំព័រផ្លូវការថាចុះហត្ថលេខាជាមួយប្រាក់ សុខុនលើមូលនិធិឡានឆាង-មេគង្គ២០២៦។ លោកថាគម្រោងចិន-កម្ពុជាដល់១១៣លើវិស័យអាទិភាព និងត្រៀមបន្តសហការជាមួយប្រទេសមេគង្គ ព្រមទាំងស្វាគមន៍ដៃគូសម្រាប់ទសវត្សរ៍មាសថ្មី។","body":"ឯកឧត្តម Wang Wenbin បានលើកឡើងតាមរយៈទំព័រផ្លូវការរបស់ឯកឧត្តមថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខារួមគ្នាជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់ភាគីកម្ពុជា ក្រោមក្របខណ្ឌគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។\nឯកឧត្តមបានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន និងកម្ពុជា បានកើនដល់ចំនួន ១១៣ គម្រោង ដែលគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងចំណងមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ក្រោមស្មារតី «ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ»។\nក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសសមាជិកទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថាជា «វេទិកាមាស» នៃកិច្ចសហប្រតិបត្តិការតំបន់។\nឯកឧត្តម Wang Wenbin បានសង្កត់ធ្ងន់ថា ភាគីចិនត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងបណ្តាប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកទំព័រថ្មីនៃ «ទសវត្សរ៍មាស» សម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបង្កើតផលប្រយោជន៍កាន់តែច្រើនជូនប្រជាជននៃប្រទេសសមាជិកទាំងប្រាំមួយ។\nជាមួយគ្នានេះ ឯកឧត្តមក៏បានស្វាគមន៍ដល់ដៃគូ និងមិត្តភក្តិកាន់តែច្រើនឱ្យចូលរួមគាំទ្រ និងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពរួម និងអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងតំបន់។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13354","languageVersionId":"6838","visibilityVersion":"2","versionToken":"a1.o8QcBIWwXLOebvT6fs_IaULYtunDonRt-OzR5NWQl10"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-04T10:00:37Z"}