{"asset":"news","key":"6996","locale":"km","id":"news:6996:km","entityId":"news:6996","canonicalUrl":"https://www.kps-tv.com/km/news/detail/6996","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន ជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ពង្រឹងការបម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព","summary":"ប្រមុខរដ្ឋស្តីទី ហ៊ុន សែន ជួបថ្នាក់ដឹកនាំកណ្តាល១៥៦៨នាក់ ថ្ងៃទី៦ មិថុនា២០២៦ ហើយតាមអ្នកនាំពាក្យ ជា ធីរិទ្ធ បានជំរុញសេវាសាធារណៈ ពន្ធ សន្តិសុខ និងសហការជាមួយខេត្តព្រំដែនវៀតណាម។ លោករំលឹកមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនចៅហ្វាយ។","body":"ខេត្តកណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកណ្តាល ឱ្យបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីបម្រើជាតិ និងប្រជាពលរដ្ឋ ដោយផ្តោតលើការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។\nការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកណ្តាល សរុបចំនួន ១,៥៦៨នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។\nតាមរយៈ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា សម្តេចបានសម្តែងនូវក្តីរីករាយចំពោះការវិលត្រឡប់មកជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅខេត្តកណ្តាលសារជាថ្មី ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារបម្រើសាធារណជន និងចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។\nសម្តេចតេជោបានសង្កត់ធ្ងន់ថា មន្ត្រីរាជការគ្រប់រូប ត្រូវបន្តខិតខំផ្តល់សេវាតម្រូវការ និងសេវាចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងតម្លាភាព។ ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអាជ្ញាធរនៅជិតប្រជាពលរដ្ឋជាងគេ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។\nទន្ទឹមនឹងនេះ សម្តេចក៏បានគាំទ្រការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ តាមរយៈការគ្រប់គ្រងពន្ធដារ និងពន្ធគយឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងជំរុញការទប់ស្កាត់សកម្មភាពគេចវេះពន្ធ និងការធ្វើអាជីវកម្មមិនគោរពកាតព្វកិច្ចពន្ធ ដើម្បីធានាការបង្កើនចំណូលសម្រាប់ការអភិវឌ្ឍប្រទេស។\nពាក់ព័ន្ធនឹងសន្តិសុខសង្គម សម្តេចតេជោបានណែនាំឱ្យមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ថែរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតលើការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំងអំពើចោរកម្ម គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។\nជាមួយគ្នានេះ សម្តេចបានរំលឹកថា មន្ត្រីរាជការត្រូវជៀសវាងភាពអសកម្ម ការប្រើអំណាចមិនត្រឹមត្រូវ ឬការគៀបសង្កត់ប្រជាពលរដ្ឋ ហើយត្រូវចងចាំជានិច្ចថា មន្ត្រីរាជការមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។\nសម្តេចតេជោក៏បានណែនាំដល់អាជ្ញាធរខេត្តកណ្តាលឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ដើម្បីជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ។\nក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផល និងការរួមចំណែករបស់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍខេត្តកណ្តាលឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបានជូនពរឱ្យមន្ត្រីរាជការទាំងអស់ទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13334","languageVersionId":"6811","visibilityVersion":"2","versionToken":"a1.HFP3TBwyKmp4bS2UZiIjdfllrOQHspyPmnYaycQinAc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-06T06:21:18Z"}