{"asset":"news","key":"7022","locale":"km","id":"news:7022:km","entityId":"news:7022","canonicalUrl":"https://www.kps-tv.com/km/news/detail/7022","state":"ready","title":"ក្រសួងសាធារណការគ្រោងបំពាក់ប្រព័ន្ធ Sensor លើរថយន្តដឹកទំនិញនិងអ្នកដំណើរដើម្បីគ្រប់គ្រងការបើកបរលើសល្បឿន","summary":"រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានប្រាប់ថ្ងៃទី៧ មិថុនាថា ក្រសួងនិងក្រុមហ៊ុនដឹកជញ្ជូនយល់ព្រមជាគោលការណ៍លើ Sensor តាមដានល្បឿន និងកំពុងជ្រើសបច្ចេកវិទ្យា។ អត្ថបទយោងនគរបាលថា៥ខែដើម២០២៦អត្រាស្លាប់កើនប្រមាណ១០% របួសកើនជាង១០០នាក់ ហើយរំលឹកគ្រោះថ្នាក់ដឹកកម្មករខែឧសភា។","body":"រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្រសួងគ្រោងបំពាក់ប្រព័ន្ធ ស៊ិនស័រ (Sensor) លើរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។\nក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននាឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី០៧ ខែមិថុនា ឯកឧត្តម ប៉េង ពោធិ៍នា បានពន្យល់ថា ការគ្រោងបំពាក់ប្រព័ន្ធ Sensor លើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជារថយន្តដឹកទំនិញ ពេលណាដែលរថយន្តបើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចមានវិធានការភ្លាមៗចំពោះអ្នកបើកបរដែលល្មើស។\nពាក់ព័ន្ធនឹងសំណួរថា តើប្រព័ន្ធគ្រប់គ្រងដោយ Sensor នេះ នឹងដាក់ឱ្យដំណើរការនៅពេលណា? ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងរួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ហើយកំពុងសិក្សាជ្រើសរើសបច្ចេកវិទ្យាដែលសមស្រប ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។\nសូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើធៀបនឹងឆ្នាំកន្លងទៅ ខណៈអាត្រាស្លាប់មានកំណើនប្រមាណ១០ភាគរយ របួសមានកំណើនជាង ១០០នាក់។ មានកំណើនដោយសារតែថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ ក្នុងខែឧសភា ដែលមានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ហើយមានអ្នកស្លាប់រហូតដល់ ១៤នាក់។ នេះបើតាមការឱ្យដឹងពីនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13285","languageVersionId":"6716","visibilityVersion":"2","versionToken":"a1.oMuWzcYYQ47nMu7s_e_opMzAnJrfuGaunXzmL66Awfs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-08T05:39:42Z"}