{"asset":"news","key":"7035","locale":"km","id":"news:7035:km","entityId":"news:7035","canonicalUrl":"https://www.kps-tv.com/km/news/detail/7035","state":"ready","title":"ដីចំណីស្ទឹងព្រែកត្នោតនៅស្រុកសំរោងទងរងការចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិឯកជន","summary":"អត្ថបទយោងលិខិតមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺថា ដីនៅមុខទ្វារទឹករលាំងជ្រៃត្រូវចាក់រំលោភចូលស្ទឹងព្រែកត្នោត៤៧៤៦ម៉ែត្រការ៉េដោយគ្មានការអនុញ្ញាត។ អត្ថបទថាមានបញ្ជាផ្អាក និងលិខិតសុំវិធានការថ្ងៃទី១២ ឧសភា២០២៦ ប៉ុន្តែមិនទាន់មានការឆ្លើយតប ហើយដកស្រង់ទណ្ឌកម្មតាមមាត្រា៨១។","body":"ប្រជាពលរដ្ឋបានប្រតិកម្មយ៉ាងខ្លាំងក្រោយដីចំណីស្ទឹងព្រែកត្នោតស្ថិតនៅខាងមុខទ្វាទឹករលាំងជ្រៃ ភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិឯកជន។ បើតាមលិខិតរបស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺគោរពជូនឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងដីដែលជារបស់លោកស្រី សុខ វណ្ណា ពិតជាបានចាក់ដីរំលោភចូលក្នុងស្ទឹងព្រែកត្នោតមានទំហំ ៤៧៤៦ម៉ែត្រការ៉េដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធពិតប្រាកដមែន។\nចំណែក ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានលើកឡើងថា មិនដឹងថាម្ចាស់ទីតាំងដីនោះមានអំណាច ឬឥទ្ធិពលយ៉ាងណានោះទេ ទើបហ៊ានចាក់ដីរំលោភលើសម្បត្តិសាធារណៈរបស់រដ្ឋដោយបើកចំហបែបនេះ។ ពួកគាត់អះអាងទៀតថា បើជាពលរដ្ឋធម្មតាវិញ ការចាក់ដីបំពានច្បាប់បែបនេះ ច្បាស់ជាត្រូវអាជ្ញាធរហៅទៅសួរនាំ ឬចាត់វិធានការភ្លាមៗបាត់ទៅហើយ។\nដោយឡែក បើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំកម្រិតបច្ចេកទេសលើករណីចាក់ដីចូលក្នុងស្ទឹងព្រែកត្នោតនៅត្រង់ចំណុចទ្វារទឹករលាំងជ្រៃ ដោយមានចុះហត្ថលេខាលោក អ៊ុំ ដេត អភិបាលរងស្រុងសំរោងទង បានបញ្ជាក់ថា មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ធ្លាប់បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង និងផ្ទៀងផ្ទាត់អំពីផ្ទៃសរុបដែលមាននៅក្នុងប្លង់កម្មសិទ្ធិរួចរាល់ហើយ ថែមទាំងបានជូនដំណឹងដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់ការចាក់ដីរំលោភយកដីចំណីស្ទឹងបែបនេះទៀត។ ប៉ុន្តែបុគ្គលជាម្ចាស់ទីតាំងរូបនេះនៅតែបន្តធ្វើសកម្មភាពដដែលដោយមិនខ្លាចច្បាប់ឡើយ។\nជុំវិញនឹងករណីនេះ មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺបានធ្វើលិខិតផ្លូវការគោរពជូនឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដើម្បីសុំគោលការណ៍អនុវត្តវិធានការផ្លូវច្បាប់លើករណីខាងលើកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានការឆ្លើយតបយ៉ាងណានោះទេ។\nសូមជម្រាបថា តាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ បានចែងថា៖ «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀលដល់ ១០.០០០.០០០ (ដប់លាន) រៀល»៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13276","languageVersionId":"6689","visibilityVersion":"2","versionToken":"a1.QnXo-BLixkaAnatRfeK5Kkqvh2vczqucLIDm33tH7ek"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-08T11:24:09Z"}