# ឯកឧត្តម ហេង សួរ ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ប្រទេសស្វ៊ីស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7105>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13225","languageVersionId":"6582","visibilityVersion":"2","versionToken":"a1.9plV6TxLhMtqj706OjhgtS7uoQjnGITl90jTndJT4Us"}

Original publication: 2026-06-11T08:20:43Z

អត្ថបទរាយការណ៍ថា រដ្ឋមន្ត្រីការងារ ហេង សួរ បានសិក្សាប្រព័ន្ធ TVET ស្វ៊ីសនៅ SPARK Campus សាលាផលិតនាឡិកា FORPRO និងមជ្ឈមណ្ឌលថែទាំយានយន្ត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចូលរួមសន្និសីទ ILO លើកទី១១៤។ លោកពិនិត្យការបណ្តុះបណ្តាលភ្ជាប់សហគ្រាស និងពិភាក្សាអំពីការផ្លាស់ប្តូរចំណេះដឹង។

ក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus សាលាជំនាញផលិតនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។
 ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សា និងដកស្រង់បទពិសោធពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ប្រទេសស្វ៊ីស ដែលត្រូវបានទទួលស្គាល់ថា មានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារយ៉ាងមានប្រសិទ្ធភាព។
 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់នូវវិធីសាស្ត្របណ្តុះបណ្តាលប្រកបដោយនវានុវត្តន៍ ព្រមទាំងឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍជំនាញវិជ្ជាជីវៈ ជាពិសេសលើជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។
 ឯកឧត្តមក៏បានជួបពិភាក្សាជាមួយគ្រូបង្គោល និងសិក្ខាកាម ដើម្បីស្វែងយល់អំពីការរៀបចំកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការបណ្តុះបណ្តាលដែលផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម។ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាល និងការអនុវត្តការងារជាក់ស្តែងនៅតាមសហគ្រាស។
 បទពិសោធដែលទទួលបានពីដំណើរទស្សនកិច្ចនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពនៃការអភិវឌ្ឍជំនាញ ពង្រឹងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជំរុញកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។

 ជាមួយគ្នានេះ ភាគីម្ចាស់ផ្ទះបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនសំខាន់ៗ ដែលអាចយកមកពិចារណាសម្រាប់អនុវត្តនៅកម្ពុជា។ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលអនាគតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


