# កម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងគុនមីង ដើម្បីជំរុញវិនិយោគ និងពាណិជ្ជកម្ម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7227>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13200","languageVersionId":"6507","visibilityVersion":"2","versionToken":"a1.9v13PvtVKyekfveHBYFZz2BCoychTYm7348EGH2ogO0"}

Original publication: 2026-06-17T09:04:45Z

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប៉ែន សុវិជាតិ បានដឹកនាំប្រតិភូចូលរួមវេទិកាសេដ្ឋកិច្ចឆ្លងដែនមេគង្គ–ឡានឆាង និងទស្សនាពិព័រណ៍ China-South Asia Expo លើកទី១០ នៅគុនមីង ថ្ងៃទី១៥–១៦ មិថុនា ដើម្បីជំរុញវិនិយោគ ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមធ្វើបទបង្ហាញក្នុងវេទិកា Mekong-Lancang Cross-Border Economic Cooperation Forum និងអញ្ជើញទស្សនកិច្ចនៅ 10th China-South Asia Expo ដែលរៀបចំឡើងនៅ គុនមីង នៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ។
 ការចូលរួមក្នុងវេទិកា និងពិព័រណ៍អន្តរជាតិនេះ មានគោលបំណង៖ ១. ជំរុញ និងពង្រីកឱកាសវិនិយោគក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង, ២. សម្របសម្រួល និងផ្គូផ្គងធុរកិច្ចរវាងសហគ្រាស និងវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន បណ្តាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង និង ៣. ពង្រឹងកិច្ចសន្ទនាគោលនយោបាយលើការសម្រួលវិនិយោគ ការដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងការតភ្ជាប់ទីផ្សារក្នុងតំបន់។

 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ព្រមទាំងគោលនយោបាយបើកចំហរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយបណ្តាប្រទេសក្នុងតំបន់។

 ការចូលរួមសកម្មរបស់កម្ពុជាក្នុងវេទិកានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ទាក់ទាញការវិនិយោគ និងពង្រីកឱកាសទីផ្សារសម្រាប់ធុរកិច្ចកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


