{"asset":"news","key":"7246","locale":"km","id":"news:7246:km","entityId":"news:7246","canonicalUrl":"https://www.kps-tv.com/km/news/detail/7246","state":"ready","title":"កម្ពុជាជំរុញវិនិយោគិនអូស្រា្តលីឱ្យមកបោះទុនវិនិយោគការកែឆ្នៃគ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ","summary":"ជា វុទ្ធី បានជួបគណៈប្រតិភូអូស្ត្រាលីនៅថ្ងៃទី១៧ ខែមិថុនា ដោយលើកទឹកចិត្តវិនិយោគលើកែច្នៃស្វាយចន្ទី កៅស៊ូ ឈើដាំនិងផលិតផលឈើ។ ភាគីទាំងពីរក៏បានពិភាក្សាបរិយាកាសវិនិយោគ កំណែទម្រង់ និងកិច្ចសហប្រតិបត្តិការ CAVAC និង CAPRED។","body":"អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី បានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគលើវិស័យកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ និងផលិតផលពីឈើនៅកម្ពុជាឱ្យបានច្រើន។\nកាជំរុញ និងលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រា្តលី ដឹកនាំដោយ លោក Michael Growder លេខាធិការរងទី១ ទទួលបន្ទុកតំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នៅថ្ងៃទី១៧ ខែមិថុនា។\nលោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី និងបានបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។\nជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសវឌ្ឍនភាព និងភាពជោគជ័យនៃការអនុវត្តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនាពេលបច្ចុប្បន្នវិនិយោគិនភាគច្រើនមកពីប្រទេសចិន។ កម្ពុជា បាននិងកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗ តាមរយៈការរៀបចំបេសកកម្មគោះទ្វាវិនិយោគតាមប្រទេសគោលដៅមួយចំនួន។\nយ៉ាងណា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏កំពុងពិនិត្យ និងធ្វើកំណែទម្រង់ស្ថាប័ន សំដៅពង្រឹងមុខងាររបស់ទីភ្នាក់ងារជំរុញវិនិយោគកម្ពុជា ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីត្រៀមខ្លួនចាប់យកវិនិយោគិនក្នុងឧស្សាហកម្មថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់។\nមិនតែប៉ុណ្ណោះ ឯកឧត្តមអគ្គលេខាធិការ បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី រាប់ចាប់តាំងពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) រហូតដល់កម្មវិធីភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាពេលបច្ចុប្បន្ន ដែលបានធ្វើការជាមួយគ្នាលើការងារជាច្រើន ជាពិសេសលើការជំរុញវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។\nឯកឧតុ្តម បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការវិយោគលើវិស័យការកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ និងផលិតផលពីឈើ នៅកម្ពុជាឱ្យបានច្រើន នាពេលខាងមុខ ខណៈកម្ពុជាបាន និងកំពុងរៀបចំយន្តការអភិវឌ្ឍន៍សួន កសិ-ឧស្សាហកម្ម៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13196","languageVersionId":"6495","visibilityVersion":"2","versionToken":"a1.dAXA5M4JXnWrcjmvPVO3RLLzpiePHZLfSBHItjbY13g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-18T03:12:30Z"}