# ក្រុមហ៊ុនផលិតរថយន្ត GAZ Group ចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7292>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13182","languageVersionId":"6453","visibilityVersion":"2","versionToken":"a1.xdb-0488fW2Kx38DuiZ560KRjl4pBrrNYxeGI7zXv5c"}

Original publication: 2026-06-19T10:09:21Z

នាយកផ្នែកនាំចេញ GAZ Group លោក Dolgov Leonid បានជួប ហ៊ុន ម៉ាណែត នៅកាហ្សាន ថ្ងៃទី១៨ មិថុនា និងបង្ហាញចំណាប់អារម្មណ៍ស្វែងរកវិនិយោគយានយន្តនៅកម្ពុជា។ នាយករដ្ឋមន្ត្រីស្វាគមន៍ និងណែនាំឱ្យសិក្សាខ្សែច្រវាក់ផ្គត់ផ្គង់តាមយុទ្ធសាស្ត្រ Plus 1 និងបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ។

GAZ Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងការផលិតរថយន្តជាច្រើនម៉ូដែលនៅក្នុងប្រទេសរុស្ស៊ី និងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។

 ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៧-១៨ ខែមិថុនា លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានឱ្យដឹងថា ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។

 លោក បានបញ្ជាក់ថា GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាយចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនម៉ូដែលដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដើម និងផលិតគ្រឿងបន្លាស់ផងដែរ។ 

 លោកនាយកផ្នែកនាំចេញរូបនេះ បានជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Group បាននិងកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមើលឃើញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។ 

 ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុម GAZ Group ដែលចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា សម្តេចធិបតីបានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។ 

 មិនតែប៉ុណ្ណោះ សម្តេចធិបតីបានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលើការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់នៅកម្ពុជា៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


