{"asset":"news","key":"7330","locale":"km","id":"news:7330:km","entityId":"news:7330","canonicalUrl":"https://www.kps-tv.com/km/news/detail/7330","state":"ready","title":"សហគមន៍ការពារធម្មជាតិ បង្កើនចំណូលជិត ៧០ម៉ឺនដុល្លារ និងរួមចំណែកអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព","summary":"តាមក្រសួងបរិស្ថាន សហគមន៍រកចំណូលប្រមាណ៧០ម៉ឺនដុល្លារពីអនុផលព្រៃឈើ និងធនធានធម្មជាតិក្នុងឆ្នាំ២០២៥។ ក្នុង៥ខែដំបូងឆ្នាំ២០២៦ សហគមន៍៣៨រកចំណូលសំបុត្រជាង៣០ម៉ឺនដុល្លារ និងបង្កើតការងារប្រមាណ៤៤០០កន្លែង។","body":"ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ កំពុងជួយពង្រឹងសន្តិសុខស្បៀង បង្កើនចំណូលប្រជាពលរដ្ឋ និងធានាចីរភាពបរិស្ថាន។\n យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមសហគមន៍អាចរកចំណូលបានប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ពីអនុផលព្រៃឈើ និងធនធានធម្មជាតិ ដូចជា សំរ៉ង ផ្សិតប៉ប៉ក់ ផ្សិតក្ងោក ទឹកឃ្មុំ ផ្លែគុយ និងជ័រឈើ ជាដើម។ល។\n គិតត្រឹមឆ្នាំ២០២៦ កម្ពុជាមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩៤សហគមន៍ ដែលមានសមាជិកជាង ៧៣,០០០គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើលើផ្ទៃដីសរុបជាង ៣៣ម៉ឺនហិកតា។\n ជាមួយគ្នានេះ សហគមន៍ចំនួន ៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង កំពុងអភិរក្សឬស្សីប្រកបដោយនិរន្តរភាព ដោយសហការជាមួយវិស័យឯកជន និងរកចំណូលបានប្រមាណ ១២,៥០០ដុល្លារ។\n វិស័យទេសចរណ៍ធម្មជាតិក៏កំពុងរីកចម្រើនផងដែរ ដោយសហគមន៍ចំនួន ៥៣ មានសក្តានុពលអភិវឌ្ឍន៍លម្ហែបៃតង។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន ៣៨ បានទាក់ទាញភ្ញៀវទេសចរជាតិជាង ៣៤ម៉ឺននាក់ និងភ្ញៀវអន្តរជាតិជាង ៦ពាន់នាក់ ដែលបានបង្កើតចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាជាង ៣០ម៉ឺនដុល្លារ និងបង្កើតការងារប្រមាណ ៤,៤០០កន្លែង។\n សហគមន៍ទាំងនេះក៏បានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងចលនា «ពន្លកបៃតង» ដោយបានដាំដើមឈើជាង ២៣៥,០០០ដើម លើផ្ទៃដីជាង ៧,៥០០ហិកតា។\n ក្រសួងបរិស្ថានបានបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការការពារធនធានធម្មជាតិ រក្សាប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13162","languageVersionId":"6393","visibilityVersion":"2","versionToken":"a1.w9vyAcBPKsYx0JrlPXGVmOiVkplxCNhnS_q1MiAeKD0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-22T06:34:25Z"}