# នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យជាង ២០នាក់ ពាក់ព័ន្ធក្រុមក្មេងទំនើង និងករណីរក្សាទុកអាវុធខុសច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7357>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13152","languageVersionId":"6363","visibilityVersion":"2","versionToken":"a1.AjAHOGWhpVcJeY597DlikoUmE8624GrddFOuX8NYdwQ"}

Original publication: 2026-06-23T07:09:36Z

នគរបាលភ្នំពេញបានបង្ហាញករណីក្រុមក្មេងទំនើង៣ករណី និងករណីរក្សាទុកអាវុធខុសច្បាប់មួយ ដោយមានការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង។ តាមសមត្ថកិច្ច មនុស្ស៤នាក់ដែលមិនពាក់ព័ន្ធត្រូវបានអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។

កម្លាំងនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីក្រុមក្មេងទំនើងប្រព្រឹត្តអំពើហិង្សា និងករណីរក្សាទុកអាវុធដោយខុសច្បាប់ បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ។

 តាមរបាយការណ៍សមត្ថកិច្ច ករណីទី១ កើតឡើងនៅវេលាម៉ោង ៣:៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចភ្លើងស្តុបវត្តឫស្សីសាញ់ ខណ្ឌដង្កោ ដែលក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូកាន់ដងឆ័ត្រ និងធ្វើសកម្មភាពធាក់ម៉ូតូសមត្ថកិច្ច។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតដងឆ័ត្រ ១ដើម។

 ករណីទី២ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងរហសនាម SR នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៣ ខណ្ឌដង្កោ ខណៈក្រុមនេះកំពុងយកដុំថ្មត្រៀមគប់គូទំនាស់។ ជនសង្ស័យ ៨នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតដុំថ្ម ១ដុំជាវត្ថុតាង។
 ដោយឡែក ករណីទី៣ កម្លាំងជំនាញបានបង្ក្រាបក្រុមក្មេងទំនើងរហសនាម BCT ពាក់ព័ន្ធអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ អំពើនេះបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ជនសង្ស័យសរុប ១១នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
 ជាមួយគ្នានេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក៏បានបង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់នៅបុរីប៉េងហួត សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ CHENG FUMING អាយុ ៣៧ឆ្នាំ។
 សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លីម៉ាក CZ P-07 ចំនួន ១ដើម បង់កាំភ្លើង ១ គ្រាប់កាំភ្លើង ១០គ្រាប់ និងទូរសព្ទដៃ ២គ្រឿង។ ជនសង្ស័យបានសារភាពថា អាវុធនេះជារបស់ជនជាតិចិនម្នាក់ទៀត ដែលបានយកមកផ្ញើទុកមុនពេលចាកចេញទៅប្រទេសម៉ាឡេស៊ី។
 បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ខណៈមនុស្ស ៤នាក់ដែលពិនិត្យឃើញថាមិនពាក់ព័ន្ធ ត្រូវបានអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


