# ​អូស្ត្រាលីបន្តគាំទ្រកម្ពុជា លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹក តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញមុជទឹក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7367>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13146","languageVersionId":"6345","visibilityVersion":"2","versionToken":"a1.NtjztQXz8oF72wFakD2q0j1yzSu3hnx5XXprs7T-fOY"}

Original publication: 2026-06-23T10:04:02Z

គ.ជ.ស.ស. សហការជាមួយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលី បើកវគ្គមុជទឹកមូលដ្ឋានថ្ងៃទី២២ មិថុនា នៅទីបញ្ជាការជួរមុខកោះព្រាប សម្រាប់នាយនាវី និងមន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ។

ខេត្តព្រះសីហនុ៖ ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ (គ.ជ.ស.ស.) សហការជាមួយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញមុជទឹកថ្នាក់មូលដ្ឋាន ជូនដល់នាយនាវីកងទ័ពជើងទឹក និងមន្ត្រីជំនាញរបស់ គ.ជ.ស.ស. នៅទីបញ្ជាការជួរមុខកោះព្រាប ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

 មានប្រសាសន៍ក្នុងឱកាសនោះលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួមុខ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងការិយាល័យអនុព័ន្ធយោធាអូស្ត្រាលី ដែលបានបន្តគាំទ្រដល់ការកសាងសមត្ថភាពធនធានមនុស្ស ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា។

 លោកឧត្តមនាវីទោ លី ហួត បានបញ្ជាក់ថា ជំនាញមុជទឹកជាជំនាញឯកទេសដ៏សំខាន់ មិនត្រឹមតែបម្រើដល់បេសកកម្មយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីក្នុងការស្វែងរក និងសង្គ្រោះជនរងគ្រោះ ការឆ្លើយតបគ្រោះមហន្តរាយ ការសិក្សាស្រាវជ្រាវ និងការអភិរក្សធនធានសមុទ្រផងដែរ។

 ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ត្រូវបានជំរុញឱ្យខិតខំរៀនសូត្រ គោរពវិន័យ យកចិត្តទុកដាក់លើសុវត្ថិភាព និងសហការគ្នាឱ្យបានល្អ ដើម្បីទទួលបានចំណេះដឹង និងជំនាញប្រកបដោយប្រសិទ្ធភាព។

 តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ កម្ពុជានិងអូស្ត្រាលីរំពឹងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងការកសាងសមត្ថភាពធនធានមនុស្ស ការផ្ទេរបច្ចេកទេស និងការចូលរួមការពារ អភិរក្សបរិស្ថានសមុទ្រ និងធនធានជីវចម្រុះ ដើម្បីធានាការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាពនាពេលអនាគត៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


