{"asset":"news","key":"7450","locale":"km","id":"news:7450:km","entityId":"news:7450","canonicalUrl":"https://www.kps-tv.com/km/news/detail/7450","state":"ready","title":"ភ្លៀង២ថ្ងៃជាប់គ្នា បង្កជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ខណៈអាជ្ញាធរបន្តស្តារប្រព័ន្ធរំដោះទឹក ","summary":"ភ្លៀងខ្លាំងថ្ងៃទី២៥–២៦ មិថុនា ឆ្នាំ២០២៦ បានបង្កជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ ប៉ះពាល់ផ្លូវនិងលំនៅឋាន។ អាជ្ញាធរកំពុងស្តារប្រឡាយ លូ និងអូរ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលប្រព័ន្ធរំដោះទឹក។","body":"ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានបណ្តាលឱ្យតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង ជាពិសេសនៅតាមដងផ្លូវសំខាន់ៗ តំបន់ទីប្រជុំជន និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន។\n\n ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ ដោយទឹកហូរចូលលំនៅឋាន បង្កការខូចខាតដល់សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ម៉ូតូ រថយន្ត និងទ្រព្យសម្បត្តិផ្សេងៗមួយចំនួន។ ទន្ទឹមនឹងនេះ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវមួយចំនួនក៏ជួបការលំបាកផងដែរ។\n\n ក្រោយពីស្ថានភាពទឹកបានចាប់ផ្តើមស្រក អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងធ្វើការស្តារសម្អាតប្រព័ន្ធលូ ប្រឡាយ និងច្រកបង្ហូរទឹកនៅតាមតំបន់រងផលប៉ះពាល់ ដើម្បីសម្រួលដល់ការហូរចេញរបស់ទឹក និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក។\n តាមការសង្កេតជាក់ស្តែង បញ្ហាសំរាមដែលត្រូវបានបោះចោលមិនបានត្រឹមត្រូវនៅតាមប្រឡាយ លូ និងក្រោមស្ពាន គឺជាមូលហេតុសំខាន់មួយដែលបណ្តាលឱ្យមានការកកស្ទះចរន្តទឹក បង្កឱ្យទឹកហូរមិនទាន់ និងនាំឱ្យកើតមានការលិចលង់នៅតំបន់មួយចំនួនក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។\n\n ក្នុងឱកាសនេះ អាជ្ញាធរខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន និងគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះសំរាមចូលក្នុងប្រឡាយ លូ ឬតាមដងអូរនានាឡើយ ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយបញ្ហាការកកស្ទះប្រព័ន្ធរំដោះទឹក និងជួយទប់ស្កាត់ការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។\n\n ជាមួយគ្នានេះ អាជ្ញាធរក៏បានបន្តដាក់កម្លាំង ចុះស្តារ និងសម្អាតប្រព័ន្ធប្រឡាយ លូ និងអូរបង្ហូរទឹកនៅតាមទីតាំងសំខាន់ៗជាបន្តបន្ទាប់ ដើម្បីធានាឱ្យការបង្ហូរទឹកប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃការជន់លិចដែលអាចកើតមានជាថ្មីនៅពេលមានភ្លៀងធ្លាក់ខ្លាំងនាពេលខាងមុខ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13123","languageVersionId":"6276","visibilityVersion":"2","versionToken":"a1.Gwcj1ll96gUwppVCiBnJ9iWzDlEHXOpMmopqIMBy_GA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T08:35:57Z"}