# ចូលរួមទាំងអស់គ្នានៅថ្ងៃ១១-១២កក្កដា!!អាជ្ញាធររៀបចំ«ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី»នៅស្រុកថ្មបាំង ខេត្តកោះកុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7492>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13105","languageVersionId":"6222","visibilityVersion":"2","versionToken":"a1.hb231r_ogo4P1vRXjXdM0gN0A5P1Wj68K_74yhFU_Wc"}

Original publication: 2026-06-28T10:11:51Z

រដ្ឋបាលស្រុកថ្មបាំងបានជូនដំណឹងអំពី «ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» គ្រោងចាប់ពីម៉ោង៣៖០០រសៀល ថ្ងៃទី១១ កក្កដា និងឆ្លងបុណ្យថ្ងៃទី១២ កក្កដា ឆ្នាំ២០២៦ ដើម្បីអបអរផលទុរេន និងផ្សព្វផ្សាយទេសចរណ៍និងកសិកម្មមូលដ្ឋាន។

«ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» គ្រោងនឹងរៀបចំនៅថ្ងៃទី១១កក្កដាចាប់ពីម៉ោង ៣៖០០នាទីរសៀលនិងឆ្លងបុណ្យនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តសិលាមុន្នីគីរីវង្ស (វត្តថ្មបាំងលើ) ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដើម្បីអបអរសាទរនារដូវប្រមូលផលទុរេនដ៏សម្បូរបែប និងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មបាំង នៅថ្ងៃទី២៨ ខែមិថុនានេះ។
 ម៉្យាងទៀត បើតាមរដ្ឋបាលស្រុកថ្មបាំង ការរៀបចំពិធីបុណ្យនេះ ក៏ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនឱ្យកាន់តែល្បីល្បាញ ផ្តល់ឱកាសដល់កសិករ និងអាជីវករក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ព្រមទាំងបានភ្លក្សរស់ជាតិទុរេននៅតំបន់ថ្មបាំង ហើយស្វែងយល់អំពីសក្តានុពលទេសចរណ៍ និងកសិកម្មក្នុងស្រុក។
 ដោយឡែក ពិធីបុណ្យនេះ ក៏មានការចូលរូមឧបត្ថម្ភពីសប្បុរសជនជាផ្លែឈើ សម្រាប់រៀបចំដូចជា រៀបជាភ្នំសម្រាប់ភ្ញៀវទស្សនា ធ្វើបាយដំណើបទុរេន និងសម្រាប់ភ្ញៀវទេសចរភ្លក្ស ក្រោមពេលចប់កម្មវិធី និងយកទៅឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក សង្ឃឹមជឿជាក់ថា សាធារណជន និងប្រជាកសិករ នឹងអញ្ជើញចូលរួមទស្សនា និងឧបត្ថម្ភគាំទ្រក្នុងពិធីបុណ្យនេះឱ្យបានច្រើនកុះករ៕ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


