{"asset":"news","key":"7534","locale":"km","id":"news:7534:km","entityId":"news:7534","canonicalUrl":"https://www.kps-tv.com/km/news/detail/7534","state":"ready","title":"ស្ថានីយទូរទស្សន៍ KPS 99TV ចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំផែនការសិល្បៈ និងវេទិកាផ្សព្វផ្សាយថ្មី ដើម្បីជំរុញទេសចរណ៍ខេត្តឱ្យកាន់តែទាក់ទាញ","summary":"រដ្ឋបាលខេត្តព្រះសីហនុបានប្រជុំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អំពីសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយទេសចរណ៍។ តំណាង KPS 99TV លោក CHEN LING បានបង្ហាញផែនទីទេសចរណ៍ និងស្នើបង្កើតគេហទំព័រ និង Channel «ទស្សនាខេត្តព្រះសីហនុ»។","body":"នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ដើម្បីលើកកម្ពស់សក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងទូលំទូលាយ។\n\n កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងស្ថាប័នផ្សព្វផ្សាយព័ត៌មានជាច្រើន។\n\n ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់សិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ជាឧបករណ៍សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយអំពីសម្រស់ធម្មជាតិ អត្តសញ្ញាណវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។\nនាឱកាសនោះ លោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្ត បានធ្វើបទបង្ហាញអំពីទីតាំងសមស្របសម្រាប់ការរៀបចំកម្មវិធីសម្ដែងសិល្បៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ខណៈដែលលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានលើកឡើងពីគម្រោងរៀបចំការសម្ដែងសិល្បៈប្រពៃណីខ្មែរ ជាពិសេសសិល្បៈព្រះថោង-នាងនាគ ដើម្បីបម្រើភ្ញៀវទេសចរ និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ។\n\n មានប្រសាសន៍ក្នុងនោះដែរ លោក CHEN LING ជំនួយការប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងស្ថានីយទូរទស្សន៍ KPS 99TV បានធ្វើបទបង្ហាញអំពីប្លង់ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ ព្រមទាំងដាក់សំណើបង្កើតគេហទំព័រ និង Channel «ទស្សនាខេត្តព្រះសីហនុ» ដើម្បីក្លាយជាវេទិកាឌីជីថលសម្រាប់ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ វប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្ត ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។\n\n អង្គប្រជុំក៏បានទទួលនូវមតិយោបល់ ការណែនាំ និងសំណើកែលម្អពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើននាពេលអនាគត៕\n\n អត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13091","languageVersionId":"6180","visibilityVersion":"2","versionToken":"a1.NFK94rAddn_VMdAZBfsrzqk2obenL3oPzWYHlaQjiqo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T08:13:14Z"}