# ឯកឧត្តម ហួត ហាក់៖ «ទេសចរណ៍ក្នុងស្រុក ជាសសរស្តម្ភសំខាន់ពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7600>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13074","languageVersionId":"6129","visibilityVersion":"2","versionToken":"a1.c5U2NscgwSKiEKTsdGew3Z8W5H72uju3KlqCO0DbDf4"}

Original publication: 2026-07-03T02:20:40Z

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានគូសបញ្ជាក់ពីតួនាទីទេសចរណ៍ក្នុងស្រុក ក្នុងការពង្រឹងភាពធន់វិស័យទេសចរណ៍ និងណែនាំឱ្យរាជធានី-ខេត្ត ពង្រឹងការផ្សព្វផ្សាយគោលដៅ ម៉ាកសញ្ញា ការនិទានរឿង និងម្ហូបអត្តសញ្ញាណតំបន់។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការជំរុញទេសចរណ៍ក្នុងស្រុក គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលវាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០២៥ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» ដែលជាឯកសារគន្លឹះសម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន និងការវាយតម្លៃសមិទ្ធផលវិស័យទេសចរណ៍នៅទូទាំងប្រទេស។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងរាជធានី-ខេត្ត តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រធានមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ កំណត់ម៉ាកសញ្ញា (Branding) របស់ខ្លួន បង្កើតការនិទានរឿង (Storytelling) អំពីតំបន់ទេសចរណ៍ និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំតំបន់ (Signature Dish) ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសរៀបចំចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍អាណត្តិ ឆ្នាំ២០២៦-២០៣០ ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


