{"asset":"news","key":"7604","locale":"km","id":"news:7604:km","entityId":"news:7604","canonicalUrl":"https://www.kps-tv.com/km/news/detail/7604","state":"ready","title":"ខេត្តព្រះសីហនុបន្តទាក់ទាញវិនិយោគថ្មី! លោក ឡុង ឌីម៉ង់ ចុះពិនិត្យទីតាំងគម្រោង QIP ថ្មី២ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការងារក្នុងមូលដ្ឋាន","summary":"លោក ឡុង ឌីម៉ង់ បានពិនិត្យទីតាំងស្នើគម្រោងថ្មី២ នៅក្រុងកំពង់សោម ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ អនុគណៈកម្មាធិការវិនិយោគខេត្តបានទទួលសំណើ QIP ចំនួន១៤ និងអនុម័តចុះបញ្ជី១២គម្រោងក្នុងឆមាសទី១។","body":"ខេត្តព្រះសីហនុ៖ ខណៈដែលខេត្តព្រះសីហនុ កំពុងបន្តក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយរបស់កម្ពុជា អនុគណៈកម្មាធិការវិនិយោគខេត្ត បានទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ១៤ សំណើ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ហើយបានអនុម័តចុះបញ្ជីជូនវិនិយោគិនចំនួន ១២ គម្រោងរួចមកហើយ ដោយអនុវត្តតាមក្របខណ្ឌពេលវេលាកំណត់ មិនលើសពី ២១ថ្ងៃ។\n\n ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ២ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងកំពង់សោម។\n\n គម្រោងទាំងពីរនេះ រួមមាន ការបង្កើតរោងចក្របោះពុម្ពខ្នាតធំលើក្រដាស និងប្លាស្ទិក ព្រមទាំងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និងក្តារបន្ទះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។\n\n ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបន្តខិតខំបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងប្រសិទ្ធភាព តាមរយៈការរក្សាទំនាក់ទំនងល្អជាមួយវិនិយោគិន ការសម្របសម្រួលនីតិវិធី និងការផ្តល់ប្រឹក្សាយោបល់ជាប្រចាំ ដើម្បីធានាថាគម្រោងវិនិយោគអាចដំណើរការបានយ៉ាងរលូន។\n\n ជាមួយគ្នានេះ លោកអភិបាលរងក៏បានជំរុញឱ្យម្ចាស់ទីតាំង ដែលជាបណ្តុំរោងចក្រ និងសហគ្រាស ពិចារណាអភិវឌ្ឍតំបន់របស់ខ្លួនឱ្យក្លាយជាសួនឧស្សាហកម្ម ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។\n\n ទន្ទឹមនឹងនេះ លោកអភិបាលរងក៏បានសំណូមពរដល់ក្រុមហ៊ុនទាំងពីរ ឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងមូលដ្ឋាន តាមរយៈការអូសទាញវិនិយោគិនផ្សេងៗឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ការផ្តល់អាទិភាពការងារជូនប្រជាពលរដ្ឋក្នុងតំបន់ និងការធានាឱ្យកម្មករ-និយោជិតទទួលបានសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមច្បាប់ជាធរមាន។\n\n លើសពីនេះ លោកក៏បានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់លើសុវត្ថិភាពការងារ និងបរិស្ថានការងារ ដោយរៀបចំអគារឱ្យមានប្រព័ន្ធខ្យល់ចេញចូលល្អ បំពាក់ច្រកចេញចូលសុវត្ថិភាព និងឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ ព្រមទាំងចូលរួមដាំដើមឈើបន្ថែមនៅក្នុងទីតាំងរោងចក្រ ដើម្បីបង្កើតបរិយាកាសការងារប្រកបដោយផាសុកភាព និងនិរន្តរភាពសម្រាប់បុគ្គលិក និងកម្មករ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13073","languageVersionId":"6126","visibilityVersion":"2","versionToken":"a1.OZ20UHX8PnQtKJHIfC1g6ueQub-YY60AmViPob9vp5E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-03T03:51:22Z"}