{"asset":"news","key":"7607","locale":"km","id":"news:7607:km","entityId":"news:7607","canonicalUrl":"https://www.kps-tv.com/km/news/detail/7607","state":"ready","title":"កម្ពុជាទាក់ទាញម៉ាករថយន្តប្រណីតលំដាប់ពិភពលោក! លោកជំទាវ ចម និម្មល អញ្ជើញសម្ពោធទីតាំងដាក់បង្ហាញ Jaguar Land Rover ផ្លូវការនៅកម្ពុជា","summary":"លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ពោធទីតាំងដាក់បង្ហាញ Jaguar Land Rover នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន Range Rover និង Defender ក្រោមសិទ្ធិចែកចាយផ្តាច់មុខរបស់ HGB Prime។","body":"នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ដែលរួមមានរថយន្តប្រណីតម៉ាក Range Rover និង Defender ក្រោមសិទ្ធិចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Prime Co., Ltd.។\n\n ពិធីសម្ពោធនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Prime Co., Ltd. លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Jaguar Land Rover តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ព្រមទាំងធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។\n\n ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះក្រុមហ៊ុន HGB Prime Co., Ltd. ចំពោះសមិទ្ធផលដ៏មានសារៈសំខាន់នេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលមកកាន់ទីផ្សារកម្ពុជារបស់ Jaguar Land Rover តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន HGB Prime។\n\n លោកជំទាវបានគូសបញ្ជាក់ថា ការវិនិយោគ និងការពង្រីកវត្តមានរបស់ម៉ាករថយន្តប្រណីតលំដាប់ពិភពលោកនៅកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចដ៏អំណោយផលរបស់កម្ពុជា។\n\n ការបើកដំណើរការទីតាំងដាក់បង្ហាញ Jaguar Land Rover នៅកម្ពុជា មិនត្រឹមតែបង្កើនជម្រើសសម្រាប់អតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការរីកចម្រើននៃទីផ្សាររថយន្តប្រណីត និងសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីក្រុមហ៊ុនលំដាប់អន្តរជាតិផងដែរ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13072","languageVersionId":"6123","visibilityVersion":"2","versionToken":"a1.vl58RikfuWyvHcXW-vpAsqN16iYZJryV-S-t_SHZ8EI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-03T06:55:28Z"}