{"asset":"news","key":"7621","locale":"km","id":"news:7621:km","entityId":"news:7621","canonicalUrl":"https://www.kps-tv.com/km/news/detail/7621","state":"ready","title":"៦ខែឆ្នាំ២០២៦ កម្មករ-និយោជិតជិត ៣,៩០០នាក់ ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈករណីកើនឡើងជាងឆ្នាំមុន","summary":"ឆមាសទី១ ឆ្នាំ២០២៦ អត្ថបទរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍កម្មករ-និយោជិត៣,៤១១ករណី មានជនរងគ្រោះ៣,៨៤៧នាក់ ក្នុងនោះស្លាប់៦៣នាក់។ ករណីកើនឡើងធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែចំនួនអ្នកស្លាប់ថយចុះ។","body":"ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ កម្មករ-និយោជិតនៅទូទាំងប្រទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,៤១១ករណី បណ្តាលឱ្យមានជនរងគ្រោះសរុប ៣,៨៤៧នាក់ ក្នុងនោះស្លាប់ ៦៣នាក់ រងរបួសធ្ងន់ ៩៧៨នាក់ និងរងរបួសស្រាល ២,៨០៦នាក់។ ចំនួនករណីនេះបានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានត្រឹម ២,៣០៩ករណីប៉ុណ្ណោះ។\nលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងចំណោមជនរងគ្រោះសរុប មានស្ត្រីចំនួន ២,៥៧៣នាក់។\nដោយឡែក គ្រោះថ្នាក់ពាក់ព័ន្ធនឹងរថយន្តដឹកកម្មករ-និយោជិត មានចំនួន ១០ករណី បណ្តាលឱ្យមានជនរងគ្រោះសរុប ២២៧នាក់ ក្នុងនោះស្លាប់ ១៤នាក់ រងរបួសធ្ងន់ ៣៤នាក់ និងរបួសស្រាល ១៧៩នាក់។\nលោកបណ្ឌិតបានបញ្ជាក់ថា បើទោះបីជាចំនួនករណីគ្រោះថ្នាក់ និងអ្នករងគ្រោះមានការកើនឡើងក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់បានថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្លាប់រហូតដល់ ៩០នាក់។\nតាមការវិភាគ មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរបញ្ច្រាសទិស មិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងបញ្ហាបច្ចេកទេសយានយន្ត។\nក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានអំពាវនាវដល់កម្មករ-និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។\nជាមួយគ្នានេះ ប.ស.ស កំពុងបន្តអនុវត្តវិធានការអប់រំ និងផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់កម្មករ-និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព ការសិក្សាស្រាវជ្រាវពីមូលហេតុនៃគ្រោះថ្នាក់ និងការផ្សព្វផ្សាយតាមរយៈវីដេអូ សារអប់រំ និងបណ្ដាញសង្គមនានា។\nបន្ថែមពីនេះ ប.ស.ស ក៏កំពុងជំរុញឱ្យរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលប្រើសម្រាប់ដឹកកម្មករ-និយោជិត ផ្លាស់ប្តូរមកប្រើរថយន្តដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមស្រប ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់កម្មករ-និយោជិត៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13066","languageVersionId":"6105","visibilityVersion":"2","versionToken":"a1.yRBt6G9BHL8sPdqQxZI59uEQUjHtQh1dPVklOQsWBH0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T04:27:17Z"}