{"asset":"news","key":"7638","locale":"km","id":"news:7638:km","entityId":"news:7638","canonicalUrl":"https://www.kps-tv.com/km/news/detail/7638","state":"ready","title":"សំណង់ស្ទាក់ទឹកបន្ទាយស្ទោងក្នុងខេត្តកំពង់ធំសាងសង់បាន៦០ភាគរយហើយ","summary":"គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ សំណង់ស្ទាក់ទឹកបន្ទាយស្ទោងសម្រេចបានប្រមាណ៦០%។ គម្រោងរំពឹងផ្គត់ផ្គង់ទឹកសម្រាប់ស្រូវវស្សា២៧៥០ហិកតា ស្រូវប្រាំង៨២៥ហិកតា និងប្រជាកសិករប្រមាណ២៨៨០គ្រួសារ ក្នុងភូមិ១៤ ក្រោយបញ្ចប់សាងសង់។","body":"គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹកនៅលើស្ទឹងស្ទោង សម្រេចលទ្ធផលបានប្រមាណ ៦០ភាគរយនៃគម្រោងទាំងមូល។ គម្រោងនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៧៥០ ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា។\n\n កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ដែលស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។\n\n លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា» រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោងឆ្ពោះទៅកាន់បឹងទន្លេសាប។ \n\n ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៧៥០ ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន ១៤ ក្នុងឃុំបន្ទាយស្ទោង។\n\n ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។\n\n លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13058","languageVersionId":"6081","visibilityVersion":"2","versionToken":"a1.3oP76K2UBwF1KWeCbn7qsEsJrQdJO3PXk_czJvph4D0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-05T06:15:12Z"}