{"asset":"news","key":"7663","locale":"km","id":"news:7663:km","entityId":"news:7663","canonicalUrl":"https://www.kps-tv.com/km/news/detail/7663","state":"ready","title":"សមត្ថកិច្ចចម្រុះបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ៧គ្រឿង នៅស្រុកជីក្រែង ខណៈពលរដ្ឋស្នើពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ","summary":"សមត្ថកិច្ចរឹបអូសគោយន្តដឹកឈើ៧គ្រឿង និងឈើមូលប្រភេទលេខ១ កកោះ ប្រវែង២ម៉ែត្រ ចំនួន១៣២ដុំ នៅភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ វត្ថុតាងរក្សាទុកដើម្បីបន្តនីតិវិធី ខណៈប្រភពមូលដ្ឋាននិងយុវជនអំពាវនាវបង្ក្រាបបទល្មើសព្រៃឈើ។","body":"កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ដោយឃាត់ចាប់គោយន្តកន្ត្រៃចំនួន ៧គ្រឿង ដែលកំពុងដឹកឈើដោយគ្មានលិខិតអនុញ្ញាត នៅស្រុកជីក្រែង ខេត្តសៀមរាប។\n\nសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម។ ការបង្ក្រាបបានធ្វើឡើងនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។\n\nក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃចំនួន ៧គ្រឿង និងកូនឈើមូលប្រភេទលេខ១ (កកោះ) ប្រវែង ២ម៉ែត្រ សរុបចំនួន ១៣២ដុំ ដែលត្រូវបានដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។\n\nក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។\n\nទន្ទឹមនឹងនេះ ប្រភពព័ត៌មាននៅមូលដ្ឋានបានលើកឡើងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប នៅតែកើតមានជាបន្តបន្ទាប់ ទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធក៏ដោយ។ ប្រភពដដែលអះអាងថា ក្រុមឈ្មួញមួយចំនួននៅតែបន្តកាប់ឈើ ដឹកជញ្ជូនយកទៅលក់ និងឈូសឆាយដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិ។\n\nជុំវិញបញ្ហានេះ ក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិ បានអំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ឱ្យបើកការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើករណីបំផ្លាញធនធានធម្មជាតិ ដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ដើម្បីការពារ និងអភិរក្សធនធានព្រៃឈើឱ្យមានប្រសិទ្ធភាព៕ \n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13041","languageVersionId":"6030","visibilityVersion":"2","versionToken":"a1.BnVkpxQXSfHMwGkdwDkTmf4TqmiijqIMiUe4WSGqT4w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-07T01:31:59Z"}