{"asset":"news","key":"7664","locale":"km","id":"news:7664:km","entityId":"news:7664","canonicalUrl":"https://www.kps-tv.com/km/news/detail/7664","state":"ready","title":"អាជ្ញាធរខេត្តព្រះសីហនុប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួងដើម្បីរកដំណោះស្រាយលើបញ្ហាកកស្ទះសេវានៅច្រកចេញចូលតែមួយ","summary":"រដ្ឋបាលខេត្តព្រះសីហនុជួបថ្នាក់ដឹកនាំអន្តរក្រសួង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យការយឺតយ៉ាវសេវាច្រកចេញចូលតែមួយ។ អភិបាលខេត្ត ម៉ាង ស៊ីណេត លើកឡើងពីនីតិវិធីឯកសារសុរិយោដីដែលត្រូវបញ្ជូនបន្តទៅក្រុងស្រុកនិងឃុំសង្កាត់ ខណៈស្ថាប័នពាក់ព័ន្ធផ្តល់យោបល់ដោះស្រាយ។","body":"រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួង ដើម្បីពិនិត្យ វាយតម្លៃ និងរកដំណោះស្រាយលើបញ្ហាកកស្ទះការផ្តល់សេវាសាធារណនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង ខាងភាគីអន្តរក្រសួងដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។\n\nក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស ប្រាថ្នា បានស្នើឱ្យមន្ទីរ-អង្គភាពលើកឡើងពីការពិតពាក់ព័ន្ធនឹងបញ្ហាកកស្ទះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងពន្លឿនភាពយឺតយ៉ាវនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងបែបបទនីតិវិធីផ្សេងៗ។\n\nទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ នៅពុំទាន់អាចផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលនោះឡើយ ជាពិសេសសេវាសុរិយោដី។ មូលហេតុសេវាសុរិយោដីមានកកស្ទះខ្លាំង ដោយសារតែមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការដាក់ឯកសារ ពោលគឺចាប់ផ្តើមដាក់ឯកសារនៅច្រកតាំងពីដំណាក់កាលដំបូង។ ក្នុងនោះ ឯកឧត្តម បានពន្យល់ថា ប្រជាពលរដ្ឋយកឯកសារទាំងដុំមកដាក់នៅនឹងច្រក បន្ទាប់មកច្រកបានធ្វើដីកាបញ្ជូនទៅតាមក្រុងស្រុក ហើយក្រុងស្រុកក៏ត្រូវធ្វើការជាមួយឃុំសង្កាត់ជាបន្តបន្ទាប់បន្ថែមទៀត។ ដូច្នេះហើយ ទើបធ្វើឱ្យសេវាសុរិយោដីមានភាពយឺតយ៉ាវតែម្តង។\n\nជុំវិញនឹងបញ្ហានេះ ថ្នាក់ដឹកនាំនៃអន្តរក្រសួង ក៏បានផ្តល់នូវធាតុចូលសំខាន់ៗជាច្រើនដើម្បីពិភាក្សារកដំណោះស្រាយដែលច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុកំពុងតែជួបប្រឈមនាពេលបច្ចុប្បន្ន។ ក្នុងនោះ ក៏មានអភិបាលក្រុងស្រុក និងមន្ទីរអង្គភាពមួយចំនួន ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនដែលបានជួបប្រទះនៅពេលកំពុងអនុវត្តការងារ ដើម្បីឱ្យអង្គប្រជុំជួយរកវិធីដោះស្រាយទៀតផង៕\n\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13040","languageVersionId":"6027","visibilityVersion":"2","versionToken":"a1.2qIRlPN-tOv48iTnm-vUdZPYTvOTq9qO_zEED7tmQfw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-07T01:49:20Z"}