# ក្រុម AOT ចុះរបងព្រំដែនដែលថៃសង់ដោយឯកតោភាគីនិងទីតាំងពលរដ្ឋថៃធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7667>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13038","languageVersionId":"6021","visibilityVersion":"2","versionToken":"a1.lOBixnysFbNuu1GR0ZOMIeqhZRlTKzboECgrrUN559o"}

Original publication: 2026-07-07T03:03:29Z

តាមក្រសួងការពារជាតិ AOT ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះពិនិត្យតំបន់បង្គោលព្រំដែន៥២–៥៩ នៅកំរៀង ថ្ងៃទី៦ ខែកក្កដា។ ក្រសួងរាយការណ៍អំពីរបងក្បែរបង្គោល៥២–៥៤ និងទីតាំងដាំដុះចន្លោះ៥១–៥៩ ព្រមទាំងតវ៉ា និងជំរុញប្រជុំ JBC ដើម្បីដោះស្រាយដោយសន្តិវិធី។

នៅថ្ងៃចន្ទ ទី០៦ ខែកក្កដាម្សិលមិញនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ ធ្វើឡើងបន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃនិងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា។

 ក្រសួងការពារជាតិ បានឱ្យដឹងថា អ្នកសង្កេតការណ៍អាស៊ាន បានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែន ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ 

 បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្នដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន ៥១-៥៩។ 

 យ៉ាងណា កម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ។ ក្នុងន័យនេះ កម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះ។ 

 ក្រសួងបញ្ជាក់បន្ថែមថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


