{"asset":"news","key":"7673","locale":"km","id":"news:7673:km","entityId":"news:7673","canonicalUrl":"https://www.kps-tv.com/km/news/detail/7673","state":"ready","title":"ខួប១៨ឆ្នាំការចុះប្រាសាទព្រះវិហារក្នុងបញ្ជីអង្គការយូណេស្កូ!សម្តេចធិបតីរំលឹកពីការខូចខាតប្រាសាទ៥៦២កន្លែងដោយសារសង្គ្រាម","summary":"ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ជាខួប១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ តាមសារនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាសាទរងការខូចខាត៥៦២កន្លែងក្នុងជម្លោះខែកក្កដានិងធ្នូ២០២៥។ លោករាយការណ៍ការសហការវាយតម្លៃ អភិរក្ស សម្អាតយុទ្ធភណ្ឌ និងអំពាវនាវការពារបេតិកភណ្ឌ។","body":"៧ កក្កដា ត្រូវជាថ្ងៃប្រារព្ធខួបលើកទី១៨ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារលិខិតអបអរសាទរ និងរំលឹកពីការខូចខាតធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារចំនួន៥៦២កន្លែងដោយសារសង្គ្រាមកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។\n\n បើតាមសារលិខិតរបស់សម្តេចធិបតី បានសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់កម្ពុជា កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។ \n\n សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី អះអាងថា នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ \n\n ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិ ចុះពិនិត្យ វាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។\n\n រាជរដ្ឋាភិបាលកម្ពុជាបន្ត ផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្ដរូបបន្ថែមនៃការសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។\n\n សម្តេចធិបតី បានលើកឡើងថា ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ និងបានកោតសរសើរចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈ ប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។\n\n សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្ដោយព្រំដែនឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជា ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13034","languageVersionId":"6009","visibilityVersion":"2","versionToken":"a1.pX5FiFHxww7yV251rIIXZUgJZM7lkmD8OhXPzD92wLo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-07T07:49:09Z"}