{"asset":"news","key":"7710","locale":"km","id":"news:7710:km","entityId":"news:7710","canonicalUrl":"https://www.kps-tv.com/km/news/detail/7710","state":"ready","title":"កម្ពុជាអំពាវនាវឱ្យមានការវិលត្រឡប់របស់ជនភៀសសឹកដោយសុវត្ថិភាពក្នុងកិច្ចប្រជុំ HRC","summary":"កម្ពុជាបានអំពាវនាវនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឱ្យជនភៀសខ្លួនផ្ទៃក្នុងវិលត្រឡប់ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូរ ព្រមទាំងការពារពលករចំណាកស្រុក។ កម្ពុជាក៏បញ្ជាក់បន្តកិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សអ.ស.ប.។","body":"នៅសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) នៅទីក្រុងហ្សីណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានលើកយកការវិវឌ្ឍថ្មីៗលើបញ្ហាសិទ្ធិមនុស្ស តាមបណ្តោយព្រំដែនកម្ពុជា-ថៃមកពិភាក្សា។ នៅក្នុងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ និងទី៣ កម្ពុជា បានអំពាវនាវឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូររបស់ជនភៀសខ្លួនផ្ទៃក្នុង។\n\nទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវឱ្យមានកិច្ចការពារពលករចំណាកស្រុកពីការរើសអើង និងអំពើហិង្សា និងការគោរពច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិឱ្យបានពេញលេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ។\n\nជាមួយគ្នានេះ កម្ពុជា ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការចូលរួមប្រកបដោយស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងការបន្តកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចសហការជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។\n\nសូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ ក្នុងនោះស្រ្តីមាន ១០,៦៧៤នាក់ និងកុមារ ៦,០៦៦នាក់ទៀត នៅពុំទាន់អាចវិលទៅលំឋានបានវិញនៅឡើយ ដោយសារមានការរារាំងដោយយោធាថៃដែលចូលកាន់កាប់ និងបំផ្លិចបំផ្លាញភូមិឋាន និងផ្ទះសំបែងរបស់ពួកគេដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12940","languageVersionId":"5865","visibilityVersion":"2","versionToken":"a1.NBhAhQ1AveHf3sxm1yxK3Hw6kKqYrnU_JKaTmkEUi2c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-09T04:09:50Z"}